ភ្នំពេញ ៖ សមាគមអតីតយុទ្ធជនកម្ពុជា បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មពេញមួយឆ្នាំ២០១៦នេះ ក្នុងការលើកកម្ពស់ជីវភាព ក៏ដូចជាដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។
លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអ្នកប្រតិបត្តិការងារផ្ទាល់នោះ បានធ្វើដំណើរទៅគ្រប់ ២៥រាជធានី-ខេត្ត ដើម្បីបានជួបសំណេះសំណាល និងស្តាប់ដោយផ្ទាល់នូវទុក្ខលំបាក និងបញ្ហា របស់អតីតយុទ្ធជន និងក្រុមគ្រួសារ ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ កង្វល់ និងទុក្ខលំបាកមួយចំនួនធំរបស់អតីតយុទ្ធជនកម្ពុជា ត្រូវបានដោះស្រាយដោយផ្ទាល់និងបន្តបន្ទាប់ក្នុងពេលចុះសំណេះសំណាលនោះ ហើយបញ្ហាមួយចំនួនទៀត ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ពេញមួយឆ្នាំ២០១៦ នេះ លោក រួមនឹងថ្នាក់ដឹកនាំសមាគមជាច្រើនរូបទៀត បានចុះជួបដោយផ្ទាល់ជាមួយអតីតយុទ្ធជន ក៏ដូចជាក្រុមគ្រួសារសរុបប្រមាណជា ២៥ម៉ឺននាក់។ នាយឧត្តមសេនីយ៍ថា តាមរយៈការចុះជួបដោយផ្ទាល់នេះ លោកបានស្តាប់ បានទទួលព័ត៌មាន និងបានទទួលនូវសំណូមពររបស់អតីតយុទ្ធជនជាច្រើន។
លោកនាយឧត្តមសេនីយ៍ គន់ គីម ក៏បានឲ្យដឹងដែរថា ក្រោមស្មារតី នៃការយកចិត្តទុកដាក់លើសុខទុក្ខរបស់អតីតយុទ្ធជននេះ សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០១៦ បានផ្តល់ថវិកាសាងសង់ផ្ទះជូនអតីតយុទ្ធជនទីទ័លក្រគ្មានផ្ទះសម្បែងចំនួន ៣៥០ខ្នង និងផ្តល់ថវិកាបេឡាមរណជូនអតីតយុទ្ធជន ដែលទទួលមរណជាង ៤ពាន់សព។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តើមជីវិតចេញពីយុទ្ធជនតស៊ូក្នុងសមរភូមិសង្រ្គាមដែរនោះ បានចាត់ទុកអតីតយុទ្ធជន គឺជាអ្នកមានគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងបានពលីកម្មអស់កម្លាំងកាយចិត្តក្នុងការស្វែងរក និងរក្សាសុខសន្តិភាពជូនកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី តែងបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើសុខទុក្ខរបស់អតីតយុទ្ធជន។
ក្រោមស្មារតីនេះ នាយឧត្តមសេនីយ៍ គន់ គីម បានប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម សម្រាប់ឆ្នាំ២០១៧នេះ សមាគមអតីតយុទ្ធជនកម្ពុជា នឹងសហកាជាមួយក្រសួងបីបន្ថែមទៀត គឺក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ដើម្បីរិះរកវិធីក្នុងការផ្តល់សេវាសុខភាព ការផ្តល់លំនៅឋាន ក៏ដូចជាការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជូនអតីតយុទ្ធជនតាមទីជនបទ។
តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខពីសំណាក់នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននេះ អតីតយុទ្ធជនបានបង្ហាញក្តីរំភើបរីករាយ និងមានភាពកក់ក្តៅនៅក្នុងជីវិត ដោយជីវិតរបស់ពួកគាត់មិនត្រូវបានថ្នាក់ដឹកនាំបំភ្លេចចោល។ ក្រុមអតីតយុទ្ធជន បានបង្ហាញការស្រឡាញ់ និងគាំទ្រជានិច្ចសម្រាប់ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។
លោក ព្រំ ឆាន់ អតីតយុទ្ធជនមួយរូប ដែលបច្ចុប្បន្នបានធ្លាក់ខ្លួនពិការអង្គុយលើរទេះរុញទៅហើយនោះ បានថ្លែងថា «គាត់ (សម្តេចតេជោ ហ៊ុន សែន) ល្អណាស់មិនធ្វើបានដូចគាត់ទេក្មួយ។ គាត់តែងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គាត់ហ៊ានលះបង់អ្វី ៗទាំងអស់ ដើម្បីជាតិ និងប្រជាជន ខ្ញុំមានមោទនភាពចំពោះគាត់។ គាត់ជួយណាស់ ជួយអតីតយុទ្ធជន និងប្រជាជនយើងនរណាក្រលំបាក គាត់ជួយ»។
អតីតយុទ្ធជនមួយរូបទៀត គឺលោក កឹម សុវុន ក៏បានបង្ហាញការស្ងប់ស្ងែងចំពោះទឹកចិត្តយកចិត្តទុកដាក់លើអតីតយុទ្ធជនពីសំណាក់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោកបានថ្លែងយ៉ាងដូច្នេះ«ខ្ញុំគាំទ្រសម្តេចទាំងស្រុង ហើយខ្ញុំសប្បាយចិត្តណាស់ ដែលបានសមាគមអតីតយុទ្ធជន ឯកឧត្តម គន់ គីម គាត់ចូលមកគាត់យកចិត្តទុកដាក់ជាមួយអតីតយុទ្ធជនទាំងអស់»។
លោក កឹម សុវុន ក៏បានអំពាវនាវផងដែរឲ្យមានការជួយជ្រោមជ្រែងបន្ថែមទៀត ដល់អតីតយុទ្ធជន ព្រោះពួកគាត់មានការលំបាកច្រើនក្នុងជីវភាព ជាពិសេសគឺការខ្វះផ្ទះសម្បែងសម្រាប់ស្នាក់នៅប្រចាំថ្ងៃ។
បើទោះបីមានការយកចិត្តទុកដាក់ខ្លាំងយ៉ាងណាក្តី តែអតីយុទ្ធជនមានចំនួនច្រើន ហើយបញ្ហាប្រឈមក៏កំពុងមានច្រើនផងដែរ។ ដើម្បីដោះស្រាយបញ្ហារបស់អតីតយុទ្ធជននេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវដល់សប្បុរសជន និងអ្នកមានធនធាន ឲ្យរួមគ្នាបរិច្ចាគជួយដល់អតីតយុទ្ធជន ដើម្បីជាកិច្ចដឹងគុណ និងតបស្នងដល់គុណបំណាច់របស់អតីតយុទ្ធជន ដែលបានលពលីសម្រាប់ជាតិមាតុភូមិកម្ពុជា។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំ ក៏សូមអំពាវនាវចំពោះសប្បុរសជនទូទាំងប្រទេស មានលទ្ធភាពអាចជួយចែករំលែកជួយអតីតយុទ្ធជន ដែលកំពុងមានការលំបាក ហើយទ័ល។ ជាជំហានៗ ខ្ញុំខសង្ឃឹមថា បងប្អូនសប្បុរសជន នឹងជួយចែករំលែកជាបន្តបន្ទាប់»៕