ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរងចោទពីបទប៉ុនប៉ងមនុស្សឃាត ត្រូវ ចាប់បញ្ជូនទៅកាន់តុលាការក្រោយ ពីបានបង្កបើករថយន្ត បណ្តាលឱ្យនាយរងប៉ុស្ថិ៍នគរបាលអន្តោប្រវេសន៍ម្នាក់ទទួលរងរបួស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឈ្មោះ ឌិន ពុទ្ធី ត្រូវបាន កម្លាំងនគរបាលក្រុង ប៉ោយប៉ែតកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ រងការចោទ ប្រកាន់ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ក្នុងសំណុំ រឿងព្រហ្មទណ្ឌបទឧក្រិដ្ឋក្រោយ ពីបានធ្វើសកម្មភាព បើករថយន្តបុកនាយរងប៉ុស្ថិ៍នគរបាល អន្តោប្រវេសន៍ម្នាក់ ប្រចាំច្រក អន្តរជាតិប៉ោយប៉ែត បណ្តាលឱ្យរងរបួសយ៉ាងដំណំគ្រាដែល ជនរងគ្រោះ កំពុងសម្រួល ចរាចរណ៍ រៀបចំ សណ្តាប់ធ្នាប់ ដោះស្រាយបញ្ហាឱ្យភ្ញៀវទេស ចរជាតិនិងអន្តរជាតិធ្វើដំណើរ ឱ្យបានមានភាពងាយ ស្រួលនៅច្រកទ្វារ អន្តរជាតិប៉ោយប៉ែត។

សេចក្តីរាយការណ៍ឱ្យដឹងថា នៅពេល ដែលនគរបាលក្រុងប៉ោយប៉ែត បានចាប់បញ្ជូនប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គេសង្កេតឃើញ មានក្រុមបក្ខពួកកូនចៅរបស់ប្រធានសមាគមនោះមាន គ្នាប្រហែល ជាង២០ នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ បានលើកគ្នាក្នុងគោលបំណងតវ៉ាឱ្យសមត្ថកិច្ច ដោះលែងប្រធានសមាគមរូបនោះឱ្យមានសេរីភាពវិញ។ ទន្ទឹមដែលប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធឈ្មោះ ឌិន ពុទ្ធី ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងបន្តសាកសួរតាមនីតិវីធីជំនាញរបស់សមត្ថកិច្ច មុននឹងបញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ នាយរងប៉ុស្ថិ៍នគរបាលអន្តោប្រវេសន៍ ឈ្មោះ ឈាង ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ ។ សេចក្តីរាយការណ៍ពីនគរបាល អន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិប៉ោយប៉ែតឱ្យដឹងថា ជនរងគ្រោះកំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យយោធានៅខេត្តស្រះកែវ ប្រទេសថៃនៅឡើយនោះ។

ជនរងគ្រោះគេឃើញ មានស្នាម របួសត្រង់ភ្លៅជើងខាងស្តាំ និងត្រូវចំក្បាល ខណៈដែល លោក ឌិន ពុទ្ធី ប្រធានសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធប្រាប់ឱ្យដឹងថា រូបគាត់មិនបានបើក រថយន្តបុកនាយរងប៉ុស្តិ៍ រូបនោះ ឡើយ ដោយនាយរងប៉ុស្តិ៍ដួលខ្លួនឯង នៅខាងមុខរថយន្តហើយធ្វើជាសន្លប់ បាត់ស្មារតី។

សូមរំលឹកថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចគល់ស្ពាន់ច្រកទ្វារអន្តជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន់០១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ឈ្មោះ ឌិន ពុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំមុខ រស់នៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែត បានបើករថយន្តលុចស៊ីស១គ្រឿង មកជួយអន្តរាគមន៍កូនចៅរបស់ខ្លួន ខឹងនឹងនាយរងប៉ុស្ថិ៍អន្តោប្រវេសន៍រូបនោះចាប់ឃាត់ម៉ូតូកូនចៅរបស់គេទុក១គ្រឿង ដើម្បីយកមកអប់រំ។ ខណៈដែលម៉ូតូកូនចៅលោក ឌិន ពុទ្ធី មកចត ចាប់ម៉ូយបង្កភាពរញ៉េរញ៉ៃនៅខាងមុខច្រកអន្តរជាតិប៉ោយប៉ែត។

នៅពេលនោះ រវាងប្រធានសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងនាយរងប៉ុស្ថិ៍អន្តោប្រវេសន៍បានប៉ះពាក្យសំដីគ្នា ទៅវិញទៅមក ហើយក៏ឈានដល់មានរឿងចោទប្រកាន់ថាឈ្មោះ ឌិន ពុទ្ធី បានបើករថយន្ត បុកនាយរងប៉ុស្ថិ៍ អន្តោប្រវេសន៍បណ្តាលឱ្យរងរបួសដួលសន្លប់បាត់ស្មារតី។ គ្រាដែលមានមជ្ឈដ្ឋានតាមប្រព័ន្ធសង្គមមួយចំនួនបាននាំនិយាយថានាយរងប៉ុស្ថិ៍រូបនោះធ្វើដួលសន្លប់សំដែងឆាកល្ខោនទៅវិញ។ ទន្ទឹមជនរងគ្រោះត្រូវបានកំពុងសង្រ្គោះនៅមន្ទីរពេទ្យយោធាខេត្តស្រះកែវ។

សូមបញ្ជាក់ថា នៅច្រកអន្តរជាតិប៉ោយប៉ែត ត្រូវគេមើល ឃើញថា មានភាពកក ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ផ្លូវចង្អៀតដោយការធ្វើចរាចរណ៍ យ៉ាងមមាញឹកដោយ រថយន្តដឹកទំនិញតូចធំ រទះអូសទំនិញរបស់កម្មករ ការធ្វើផ្លូវរថភ្លើង និងក្រុមអ្នករត់ម៉ូតូឌុប ដេញចាប់ម៉ូយ បង្កភាពរញ៉េរញ៉ៃ នៅខាងមុខច្រកអន្តរ ជាតិប៉ោយប៉ែត។

ទន្ទឹមនោះគេ សង្កេតឃើញនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត និងនគរបាល ក្រុង ប៉ោយប៉ែតតែងតែខិតខំជួយរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានភាពងាយស្រួលដើម្បីដោះស្រាយបញ្ហាកុំឱ្យមានការរិះគន់ពីសំណាក់ភ្ញៀវទេសចរ ដែលឆ្លងកាត់មកដើរលេងកំសាន្តប្រទេសកម្ពុជានោះ៕ សំ វិច្ឆិកា

image12 image1 image2 image3 image4 image5 image6 image7 image8 image9 image10 image11

image1


ចែករំលែក៖