នៅក្នុងសង្គ្រាមវាយប្រហារក្រុមអិស្លាមIS នៅក្នុងប្រទេសស៊ីរី រុស្ស៊ីបានប្រើប្រាស់ឱកាសនោះ ដើម្បីសាកល្បងអាវុធថ្មីៗ បំផុតរបស់ខ្លួនដែលមិនធ្លាប់បានប្រើប្រាស់នៅក្នុងសមរភូមិពិត ក្នុងនោះ មានយន្តហោះចម្បាំង Sukhoi Su-34,Su-30SM ជាដើម ។ ក្រៅពីនេះរុស្ស៊ី ក៏បានសាកល្បង ឧទ្ទម្ភាគចក្រប្រយុទ្ធ Mi-28N និង Ka-52 ព្រមទាំងកាំជ្រួចមីស៊ីលជាច្រើនប្រភេទទៀត។
តាសារព័ត៌មាន rusia Today នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោកពូទីន នាពេលកន្លងមក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoiguបានបញ្ជាក់ថា អាវុធថ្មីដល់ទៅ១៦២ប្រភេទ ត្រូវបានកម្លាំងទាហានរុស្ស៊ីប្រើប្រាស់នៅក្នុងសង្គ្រាមស៊ីរី។
លោកSergey Shoigu បញ្ជាក់ថា «នៅក្នុងពេលធ្វើសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅស៊ីរី មានអាវុធដល់ទៅ១៦២ប្រភេទ បានដាក់ឲ្យប្រើប្រាស់សាកល្បង ហើយអាវុធទាំងនោះ ពិតជាមានប្រសិទ្ធភាពខ្លាំង»។
អាវុធដែលលេចថ្លោងជាងគេនៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីនោះ គឺយន្តហោះចម្បាំងបំបាំងកាយ ប្រភេទ Su-30 និងឧទ្ទម្ភាគចក្រ ។
កន្លងមក រដ្ឋលេខាធិការក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅស៊ីរីតាំងពីខែតុលា ឆ្នាំ២០១៥ មកទល់ពេលនេះ រុស្ស៊ីបានបញ្ជូនគ្រាប់រំសែវ ថាមពល សំភារ ជាង៧១០ពាន់តោន ទៅកាន់ស៊ីរី។
សង្គ្រាមនៅក្នុងប្រទេសស៊ីរី គឺជាទីតាំងដែលប្រទេសមហាអំណាចយោធាប្រើប្រាស់ធ្វើជាទីលានសម្រាប់សាកល្បងអាវុធ ។ នៅក្នុងសង្គ្រាមវាយប្រហារកន្លងមករបស់រុស្ស៊ី បានធ្វើឲ្យក្រុមហ៊ុនផលិតអាវុធរុស្ស៊ីទទួលបានអតិថិជនកាន់តែច្រើន ក្រោយពេលអាវុធដែលបានប្រើប្រាស់នៅស៊ីរីទទួលបានជោគជ័យ។
ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសស៊ីរីនោះដែរ រយៈពេលជិត៦ឆ្នាំ ធ្វើឲ្យពលរដ្ឋស៊ីរីចំនួន ៣១ម៉ឺននាក់ត្រូវបាត់បង់ជីវិត និងពលរដ្ឋ ជាងពាក់កណ្ដាលនៃផ្ទៃប្រទេស ត្រូវបានជម្លៀសចាប់តាំងពីឆ្នាំ ២០១០។
ក្នុងចំនួនពលរដ្ឋស៊ីវិល ដែលបានភៀសខ្លួន និងត្រូវបានគេជម្លៀសខាងលើនេះ មានចំនួន ៤,៨លាននាក់បានភៀសខ្លួននៅក្នុងប្រទេសស៊ីរី និងចំនួនជាង ១លាននាក់ទៀត បានភៀសខ្លួនទៅកាន់ប្រទេសលីបង់ ដោយពួកគេ ត្រូវប្រឈមមុខ នឹងការតស៊ូជាច្រើន ដូចជាការស្បៀងអាហារជំងឺឆ្លង និងការ ប៉ះទង្គិចគ្នាឈានដល់ការបាត់បង់ជីវិតជាដើម។
គួរបញ្ជាក់ថា ចំនួនប្រជាជនស៊ីរីខាងលើនេះ ជាបញ្ជាក់ពីតួលេខនៃសង្គ្រាមចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ ចុងឆ្នាំ២០១៦ ប៉ុន្ដែបើទោះជាយ៉ាងណា វាជាសំណាងមួយហើយ សម្រាប់រដ្ឋាភិបាល និងប្រជាជនស៊ីរីទាំងមូល ដែលកាលពីចុងសប្ដាហ៍នេះ កងកម្លាំងរដ្ឋាភិបាលបានវាយដណ្ដើមទីក្រុងអាឡេប៉ូ មកវិញ១០០ភាគរយ ដោយប្រជាពលរដ្ឋ ក៏បានវិញចូលទៅកាន់ ទីលំនៅក្នុងទីក្រុងនោះវិញ ហើយដែរ ៕ ម៉ែវ សាធី