ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកការស្រាវជ្រាវស៊ើបអង្កេតវែកមុខជនបង្កដែលដុតជញ្ជ្រាំងស្រូវរាលដាលឆេះស្រូវពលរដ្ឋ១៧ហិកតា មិនទាន់ប្រមូលផល ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ក្រោយពីជនមិនស្គាល់អត្តសញ្ញាណ បានដុតជញ្រ្ជាំងស្រូវបង្កជាអគ្គិភ័យឆាបឆេះស្រូវកសិករនៅចំណុចត្រពាំងតំឡើង ក្នុងភូមិសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។
បើតាមប្រភពព័ត៌មានពីសត្ថកិច្ច ឱ្យដឹងថា ជនបង្ករហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចនៅមិនទាន់កំណត់បានមុខសញ្ញា នៅឡើយនោះទេ សមត្ថកិច្ចកំពុងបន្តតាមដានស្រាវជ្រាវស៊ើបអង្កេតតាមជំនាញបន្ថែមទៀត។
កសិករដែលរងគ្រោះដោយភ្លើងឆេះស្រូវមានចំនួន៤គ្រួសារ ១,ឈ្មោះ យ៉ុង យិត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ខូចខាតស្រូវអស់១០ហិកតា ២,ឈឿយ ឆឺត ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខូចខាត២ហិកតា ៣,ចែ ចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាជ្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ ខូចខាត២ហិកតា និង៤,ឈ្មោះ សុវណ្ណ វឿត ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិប៉ោយវត្ត ឃុំចង្ហា ស្រុក អូរជ្រៅ រងការខូចខាត៣ហិកតា។
បើតាមប្រភពព័ត៌មានពីនាយប៉ុស្ថិ៍នរដ្ឋបាលឃុំចង្ហាប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះជញ្ជ្រាំងស្រូវចេញម្តុំត្រពាំងថ្មោង ក្នុងភូមិសាស្រ្តសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ហើយភ្លើងបន្តឆេះជញ្ជាំ្រងស្រូវដែលគេច្រូតកាត់ហើយក្នុងចម្ងាយជាង១គីឡូម៉ែត្រ ទើបរាលដាលរហូតឆាបឆេះដល់ស្រូវប្រជាកសិករ៤គ្រួសារខាងលើ ដែលនៅសេសសល់ក្រោយគេមិនទាន់ប្រមូលផល ម្ចាស់ស្រែរកម៉ាស៊ីនច្រូតស្រូវពុំទាន់បាន គ្រាដែលស្រូវប្រជាកសិកររាប់សិបហិកតាឯទៀតគេបានប្រមូលផលយកទៅទុកដាក់រួចរាល់ទៅហើយនោះ។
លោកនាយប៉ុស្ថិ៍បានប្រាប់ឱ្យដឹងទៀតថា នៅក្នុងអំឡុងនៃការឆាបឆេះស្រូវ សមត្ថកិច្ចនិងប្រជាពលរដ្ឋមានគ្នាប្រហែលជាង១០០នាក់ បានចេញទៅជួយអន្តរាគមន៍ដោយទប់ស្កាត់វាយពន្លត់ភ្លើងសង្រ្គោះបានស្រូវប្រជាកសិករមួយចំនួនធំ។
អគ្គិភ័យឆាបឆេះរយៈពេលប្រហែល៥ម៉ោងរហូតដល់ម៉ោង៤រសៀលថ្ងៃដដែលទើបភ្លើងរលត់អស់ទាំងស្រុង។ ដោយឡែកស្រូវប្រជាកសិកររងគ្រោះ៤គ្រួសារខាងលើ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានខំប្រឹងជួយសង្រ្គោះនោះដែរ តែមិនអាចទប់ស្កាត់បានឡើយ ដោយសារខ្យល់បក់កួចខ្លាំងពេក ធ្វើឱ្យសមត្ថកិច្ចនិងប្រជាពលរដ្ឋមានការលំបាកក្នុងការជួយអន្តរាគមន៍។ នៅចំណុចកើតហេតុខាងលើ គឺមានចម្ងាយពីឃុំចង្កា ជាង៦គីឡូម៉ែត្រ ផ្លូវលំបាក រថយន្តទឹកមិនអាចទៅដល់នោះឡើយ។
លោកនាយប៉ុស្ថិ៍បានបញ្ជាក់ឱ្យដឹងទៀតថា បើតាមការស្រាជ្រាវរបស់សមត្ថកិច្ច និងមានការអះអាងពីព្រជាពលរដ្ឋដែលឃើញហេតុការណ៍ករណីភ្លើងឆេះជញ្ជាំ្រងស្រូវ គេដាក់ការសង្ស័យអាចបង្កឡើងដោយក្រុមអ្នកមកច្រូតចំបើង ដឹកតាមគោយន្តខឹងនិងម្ចាស់ស្រែមិនឱ្យច្រូតចំបើងក្នុងស្រែរបស់គេ ហើយក៏លួចធ្វើសកម្មភាពដុតជញ្ជ្រាំងស្រូវបង្កជាអគ្គិភ័យតែម្តង។
សូមបញ្ជាក់ថា នេះជាករណីឆេះស្រូវលើកដំបូងវរបស់កសិករនៅខេត្តបន្ទាយមានជ័យនៅចុងបំណាច់ឆ្នាំ២០១៦សម្រាប់រដូវប្រាំងហួតហែងបានឈានមកដល់នោះ ។ រដូវនេះជារដូវដែលប្រឈមនិងរងគ្រោះដោយអគ្គិភ័យកើតឡើង។វិធានការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ គេសង្កេតឃើញថា កាលពីដើមសប្តាហ៍មិននេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានឱ្យការិយាល័យពន្លត់អគ្គិភ័យ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ធ្វើការផ្សព្វផ្សាយរំលឹកជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាភ្លើងផ្សែង។ មុនចេញពីផ្ទះ រឺចូលដេក ត្រូវមើលភ្លើងទៀន ធូប ចង្រ្កាន និងបិទគុបភ្លើង ឱ្យអស់សិន ដើម្បីបញ្ចៀសបញ្ហាអគ្គិភ័យកើតឡើងដោយយថាហេតុណាមួយ៕ សំ វិច្ឆិកា