ភ្នំពេញ : បុរសកម្មករសំណង់មា្នក់ ចេញពីធ្វើការជិះម៉ូតូទៅផ្ទះ ខណៈកំពុងឆ្លងថ្នល់បានពាក់កណ្តាលទៅបុកនឹងតួកុងតឺន័ខាងក្រោយ ដែលមិនមានដឹកទូ បណ្តាលអោយដួល ខ្ទាតជនរងគ្រោះចេញមកក្រៅ រងរបួសបាក់ដងកាំបិតខាងស្តាំ ។
ហេតុការណ៍នេះ កើតនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិ៣ មុខការ៉ាស់សាំង សម ប្រាថ្នា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះមានឈ្មោះ សួង ធូ អាយុ ៣៣ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលនៅម្តុំវត្តតាភេម ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងលាង ឃុំព្រៃក្រសាំង ស្រុក ឧត្តុង ខេត្តកំពង់ស្ពឺ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះមូ៉តូឆ្លងផ្លូវ ពីកើតទៅលិចគោលបំណងឆ្ពោះទៅត្បូង ស្របពេលដែលរថយន្តបើកពីជើងទៅត្បូង បណ្តាលឲ្យកៀរចំកង់ក្រោយ ផ្នែកខាងឆ្វេង បណ្តាលឲ្យដួលរងរបួស បាក់ដៃ ហើយរថយន្ត បន្តដំណើរបានចម្ងាយជាង១គីឡូម៉ែត្រ ត្រូវបានសមត្ថកិច្ចដេញឃាត់បាន ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទីមន្ទីរពេទ្យព្រះកុសុមះ ។ ចំណែក មូ៉តូ និងរថយន្ត ក្រោយពីនគរបាលជំនាញ ពិនិត្យរួច យកទៅរក្សាទុកនៅផ្នែកជំនាញ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ