ភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយ គណៈអភិបាលក្រុងច្បារមន និងចៅសង្កាត់ទាំង៥ ចំណុះក្រុង ដើម្បីស្តាប់របាយការណ៍ ស្តីពីសភាពការណ៍ទូទៅរបស់ក្រុង របស់សង្កាត់នីមួយៗចំណុះក្រុង និងរបាយការណ៍ស្តីការចុះឈ្មោះបោះឆ្នោតនាពេលកន្លងមក។
លោកស្រីអភិបាលក្រុង និងអស់លោកជាចៅសង្កាត់ទាំង៥ បានអោយដឹងថា ៖ ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមមានលក្ខណៈល្អប្រសើរជាទូទៅ ។
ការងារសេដ្ឋកិច្ច សង្គមកិច្ច លើកំពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីរបស់ប្រជាជន បានដំណើរការស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កា។ ភ្លៀងចុងឆ្នាំបណ្តាលអោយមានការលិចលង់ភូមិសាស្រ្តមួយចំនួនក្នុងក្រុង ធ្វើអោយខូចខាតផ្លូវ និងផលស្រូវមួយចំនួនរបស់ប្រជជន។ បច្ចុប្បន្នអាជ្ញាធរមូលដ្ខាន បាននឹងកំពុងស្តារផ្លូវដែលខូចខាតនោះឡើងវិញហើយ ។
ទាក់ទងដល់ការចុះឈ្មោះបោះឆ្នោត ប្រជាជនដែលដល់អាយុបោះឆ្នោតក្នុងក្រុងច្បារមនទាំងមូល បានទៅចុះឈ្មោះចំនួនជាង ៩១ភាគរយ រួចហើយ។
សម្ដេច បានអបអរសាទរចំពោះរាល់លទ្ធផលការងារដែលអាជ្ញាធរក្រុង និងមូលដ្ឋានសម្រេចបាន។ សម្ដេច ជំរាបអោយខិតខំច្រើនទៀតដើម្បីសម្រេចលទ្ធផលធំៗថ្មីៗជាងទៀតជាគុណប្រយោជន៍ដល់ការកសាងអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីរបស់ប្រជាជន។
សម្ដេចបានរម្លឹកអោយអាជ្ញាធរមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ដល់ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមអោយកាន់តែរឹងមាំថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែរីកចំរើន និងដើម្បីធានាអោយដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព គ្មានអំពើហឹង្សា មានលក្ខណៈសេរី និងយុត្តធម៌ដែលទាំងអស់គ្នាទទួលយកបាន ៕