ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ត្រូវបានអ្នកភូមិឃ្វាលគោក្របីប្រទះឃើញស្លាប់កណ្ដាលវាលស្រែ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យសាកសព ខ្លាចក្រែងជារឿងឃាតកម្ម ។
មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមព្រៃក្ដី ឃុំគគីរ ស្រុករមាសហែក មានករណីខ្យល់គរ ដោយបុរសដែលស្លាប់មានឈ្មោះ អ៊ុក សារ៉េត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
អ្នកភូមិបានឲ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹក គេឃើញបុរសខាងលើទៅមើលទ្រូនៅចំណុចព្រែកព្រីង ដើម្បីយកត្រីមកផ្គត់ផ្គង់គ្រួសារ ធ្វើម្ហូបដូចសព្វដង ប៉ុន្តែរហូតដល់ម៉ោង៩ព្រឹក បាត់មិនឃើញឪពុកត្រឡប់មកផ្ទះ ក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិដើររករហូតដល់វេលាម៉ោង២និង៣០នាទីរសៀល ក៏ប្រទះឃើញស្លាប់កណ្ដាលវាលស្រែបាត់ទៅហើយ ។
សមត្ថកិច្ចបន្តថា ប៉ុន្តែអ្វីដែលកំសត់ទៀតនោះ គឺបន្សល់កូនប្រុសម្នាក់ឈ្មោះ អ៊ុក សារ៉ាមាន អាយុ៣១ឆ្នាំខណះពិការតាំងពីអាយុ១៥ឆ្នាំ ដោយមានជំងឺខ្វិនស្វឹតជើងទាំង២ គួរឲ្យអាសូរពន់ពេក។
ក្រោយទទូលបានព័ត៌មាននេះ លោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានផ្ដល់អំណោយតាមលោកមេបញ្ជាការងចុះសួរសុខទុក្ខ និងបានយកអំណោយ រួមមានអង្ករចំនួន៥ការ៉ុង ស្មើ១១៤គីឡូក្រាម, ទឹកត្រី២យួរ, ទឹកស៊ីអីវ២យូរ, ប៊ីចេង៥គីឡូក្រាម, ស្ករស៥គីឡូក្រាម, ត្រីខកំប៉ុង៥យួរ និងថវិកាចំនួន១លាន៣៥ម៉ឺនរៀលដល់គ្រួសារសពផងដែរ ៕ យឹម សុថាន