ព័ត៌មានទាន់ហេតុការណ៍៖

ហេង ស្រីពេជ្រ និងលាង ឧត្តមត្រូវ អ្នកសិល្បៈធ្វើឲ្យភ្ញាក់ផ្អើលថ្ងៃខួបកំណើត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះជាតួអង្គស្រី កញ្ញា ហេង ស្រីពេជ្រ និងម្ចាស់ពានតារាសម្តែងប្រុស សម្តែងបានគ្រប់ទម្រង់ លោក លាង ឧត្តមត្រូវបានអ្នករួមអាជីពជាច្រើនអ្នកធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងជាមួយនឹងការធ្វើពិធីខួបកំណើតចំថ្ងៃដំណាលគ្នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ។

សិល្បករជិតដិតរបស់តារាសម្តែងស្រី ហេង ស្រីពេជ្រ បានច្រៀងចម្រៀងជូនពរខួបកំណើតនាងជាមួយនឹងនំខួបកំណើតធ្វើឲ្យតារាស្រីរូបនេះ ភ្ញាក់ផ្អើលស្ទើរស្រក់ទឹកភ្នែក ។ តារាស្រីរូបនេះ មិនបានរៀបចំពិធីខួបកំណើតធំដុំទេ គឺមានតែការច្រៀងលេងកម្សាន្ត និងទទួលទានអាហារបែបសាមញ្ញក្នុងភោជនីយដ្ឋានមួយជិតផ្សារទួលទំពូង ។

តារាសម្តែងរូបនេះបញ្ជាក់ថា នាងស្ទើរស្រក់ទឹកភ្នែកពេលលឺចម្រៀង ដែលច្រៀងជូនពរថ្ងៃខួបកំណើតដោយអ្នករួមអាជីព ។ នាងបញ្ជាក់ថា ថ្ងៃទី១ ខែមករា គឺជាថ្ងៃខួបកំណើតរបស់នាងហើយឆ្នាំនេះ គឺជាខួបគម្រប់៣១ឆ្នាំ ឈានចូល៣២ឆ្នាំ របស់នាង។ នាងបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងទទួលបានការងារសិល្បៈច្រើន ហើយបើទោះបីជាមានរឿងរ៉ាវជីវិត និងការលំបាកជាច្រើនគឺមានពួកគាត់ជាមិត្តភ័ក្កិជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឲ្យនាងបន្តប្រឹងប្រែងលើវិថីសិល្បៈបន្ត។

តារាស្រីល្បីខាងតួម្តាយអ្នកជាអ្នកមានទ្រព្យស្តុកស្តម្ភរូបនេះលើកឡើងដែរថា បើទោះបីជាជីវិតនៅក្នុងខ្សែភាពយន្ត និងនៅខាងក្រៅមានលក្ខណៈខុសប្លែកគ្នាខ្លាំងក៏នាងនៅតែបន្តប្រឹងប្រែង គ្រាដែលអ្នករួមអាជីណជាច្រើនតែនៅជិតនិងជួយលើកទឹកចិត្តគ្រប់ពេលវេលា។ ទោះជាយ៉ាងណាសម្រាប់ឆ្នាំនេះនាងមិនមានគម្រោងរៀបចំពិធីខួបកំណើតធំដុំនោះទេព្រោះតែមិនចង់ចំណាយថវិកាច្រើន គឺមានតែការជួបជុំមិត្តភ័ក្កិជិតដិតមិនដល់១០នាក់ផង។ តារាសម្តែង ហេង ស្រីពេជ្ររំពឹងដែរថា សម្រាប់ឆ្នាំថ្មីនេះការងារនាងនិងកាន់តែល្អប្រសើរ រីឯជីវិតស្នេហាក៏នឹងមានដំណឹងល្អ ប៉ុន្តែអ្វីដែលនាងប្រាថ្នាចង់បានខ្លាំងគឺក្រុមគ្រួសារនាងមានសេចក្តីសុខសុភមង្គល។

ក្រោយពីបញ្ចប់ការទទួលទានអាហារជុំគ្នា ពួកគេបានបន្តដំណើរទៅជួបតារាសម្តែងប្រុសលាង ឧត្តម ដែលក្នុងភោជនីយដ្ឋានមួយជិតផ្សារបឹងកេងកង ជាមួយនឹងនំខួបកំណើតមួយផងដែរ។ លោក លាង ឧត្តមបញ្ជាក់ថា ទោះជាថ្ងៃខួបកំណើត ប៉ុន្តែលោកមិនមានរៀបចំកម្មវិធីអ្វីទាំងអស់ ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដែលមិត្តរួមអាជីពរបស់លោកបើកដំណើរការភោជនីយដ្ឋានថ្មីទើបលោកមកចូលរួម ហើយត្រូវបានអ្នករួមអាជីពធ្វើឲ្យភ្ញាក់ផ្អើលតែម្តង។

លោកបញ្ជាក់ថាឆ្នាំនេះលោកមានវ័យ៣៧ឆ្នាំហើយ ហើយក៏មិនដែលមានគម្រោងរៀបចំកម្មវិធីអ្វីដែរ ប៉ុន្តែការធ្វើឲ្យភ្ញាក់ផ្អើលពីអ្នករួមអាជីពធ្វើឲ្យលោករំភើបរកអ្វីប្រៀបផ្ទឹមមិនបាន ហើយវាបានឆ្លុះបញ្ចាំងពីទឹកចិត្តអាណិតស្រលាញ់រាប់អានគ្នាផងដែរ ។ លោកក៏រំពឹងដែរថា ឆ្នាំថ្មីនេះ លោកនឹងទទួលបានការងារសិល្បៈកាន់តែច្រើន៕ វឌ្ឍនា

see-18 see see-1 see-2 see-3 see-4 see-5 see-6 see-7 see-8 see-9 see-10 see-11 see-12 see-13 see-14 see-15 see-16 see-17


ចែករំលែក៖