ព័ត៌មានទាន់ហេតុការណ៍៖

សារជូនពរឆ្នាំថ្មី២០១៧របស់មេដឹកនាំសំខាន់ៗលើពិភពលោកមានអ្វីខុសប្លែក

ចែករំលែក៖

នៅក្នុងឱកាសចូលឆ្នាំថ្មី២០១៧ មេ ដឹកនាំប្រទេសធំៗនៅជុំវិញពិភពលោក បានជូនពរពលរដ្ឋរបស់ខ្លួន និងពលរដ្ឋនៅ លើពិភពលោកទាំងមូល។ សារជូនពរឆ្នាំនេះរបស់មេដឹកនាំប្រទេសមហាអំណាច បង្កប់ទៅដោយការឌឺដង និងគំរាមកំហែង។

នៅក្នុងសារជូនពររបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១ ខែមករា បានប្រកាសថា ទីក្រុងព្យុងយ៉ាងបានឈានដល់ដំណាក់កាលនៃការសាក ល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) បំពាក់ ក្បាលគ្រាប់បរមាណូ។

សារព័ត៌មានរ៉យទ័របានផ្សាយថា សារ របស់លោក គីម ជុងអ៊ុន ជូនពរឆ្នាំ២០១៧ បានលើកឡើងពីសកម្មភាពស្រាវជ្រាវ ផលិតអាវុធទំនើបៗ និងត្រៀមលក្ខណៈ សាកល្បងកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់ បរមាណូ។

ប្រសិនបើការសាកល្បងកាំជ្រួចមីស៊ីល ICBM ប្រកបដោយជោគជ័យនោះគឺជា ជំហានរីកចម្រើនបំផុតក្នុងវិស័យអាវុធបរមាណូរបស់កូរ៉េខាងជើង។ មីស៊ីលនេះអាច បាញ់បានចម្ងាយពី៥.៥០០គីឡូម៉ែត្រ ហើយ ខ្លះជាង១មឺុនគីឡូម៉ែត្រ។ ចំណែកអាមេរិកមានចម្ងាយពីកូរ៉េខាងជើងតែ៩.០០០គីឡូម៉ែត្រប៉ុណ្ណោះ។

បណ្តាប្រទេសនានាដែលមានទំនោរប្រឆាំងកូរ៉េខាងជើងដូចជា កូរ៉េខាងត្បូង ជប៉ុន និងអាមេរិកជាដើមបានបង្ហាញក្តីព្រួយ បារម្ភថា សមត្ថភាពនុយក្លេអ៊ែរកូរ៉េខាងជើង នឹងកាន់តែអភិវឌ្ឍទៅមុខខ្លាំងក្លាជាងនេះទៀត ប្រសិនបើពិភពលោកមិនអាចចាត់ វិធានការប្រកបដោយប្រសិទ្ធភាពណា មួយទេនោះ។

ចំណែកលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារជូនពរឆ្នាំថ្មីតាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter ផ្ញើរជូនប្រជាជនពិភពលោក រួមទាំងសត្រូវនិងអ្នកដែលតាមផ្ចាញ់ផ្ចាលលោកផងតាំង ពីលោកជាប់ឆ្នោត។ ទោះបីជាមិនបញ្ចេញឈ្មោះក៏ដោយក៏គេអាចយល់ដែរថា សត្រូវ ដែលលោកបានបញ្ជាក់ក្នុងសំណើនេះគឺគ្មាននរណាក្រៅពីក្រុមអ្នកប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នកសាធារណរដ្ឋមួយចំនួនដែលមិនចង់ឲ្យលោកជាប់ឆ្នោត នោះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយលោក បារ៉ាក់ អូប៉ាម៉ា ប្រធានាធិបតីជិតផុតអាណត្តិ មិនបានខ្វាយខ្វល់ទៅនឹងអ្វីដែលលោក ត្រាំ លើកឡើងទេ។ លោកចង់ឱ្យប្រជា ពលរដ្ឋអាមេរិកបែរក្រោយសម្លឹងមើលជោគ ជ័យនៃរដ្ឋបាលរបស់លោកក្នុងរយៈពេល៨ឆ្នាំចុងក្រោយ។

ជោគជ័យដែលមានជាអាទិ៍ ៖ អត្រាគ្មាន ការងារធ្វើដែលបន្តដាំក្បាលធ្លាក់ចុះច្បាប់ស្ដីពីប្រព័ន្ធធានារ៉ាប់រងថែទាំសុខភាពការ សម្លាប់មេដឹកនាំលោក អូសាម៉ា ប៊ីនឡា ដេន និងការភ្ជាប់ទំនាក់ទំនងការទូតឡើង វិញជាមួយប្រទេសគុយបា។

នៅក្នុងសុន្ទរកថា នាឱកាសឆ្លងឆ្នាំថ្មី ឆ្នាំ២០១៧ ប្រធានាធិបតេយ្យចិនលោក ស៊ី ជីនពីង បានលើកសរសើរពីកំណែទម្រង់ សំខាន់ៗក្រោមការដឹកនាំរបស់លោកក្នុង រយៈពេលពេញមួយឆ្នាំ២០១៦ ដូចជា កំណែទម្រង់ផ្នែករចនាសម្ព័ន្ធផ្គត់ផ្គង់ ការ ប្រឆាំងអំពើពុករលួយ កិច្ចការពារជាតិ កំណែទម្រង់ប្រព័ន្ធច្បាប់ ការគាំពារសមភាព និងយុត្តិធម៌ក្នុងសង្គមជាដើម។

លោក ស៊ី ក៏បានរំលឹកពីបញ្ហាប្រឈម របស់ពិភពលោកនាពេលបច្ចុប្បន្ន ដូចជា សង្រ្គាមរ៉ាំរ៉ៃ និងភាពក្រីក្រ។ មេដឹកនាំរូបនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រកៀកស្មាគ្នាដើម្បីកសាងភពផែនដីឱ្យកាន់តែមានសុខសន្តិភាពនិងរុងរឿងថ្កុំ ថ្កើង។

ដោយឡែកមេដឹកនាំកំពូលផុតលេខ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយកឱកាសថ្ងៃឆ្លងឆ្នាំដើម្បីបង្ហាញសារគំរាមទៅកាន់ពិភពលោកពីឥទ្ធិពលនៃគ្រាប់មីស៊ីលរបស់ខ្លួនដោយអះអាងថា នឹងអាចយកមកធ្វើតេស្តនៅដើមឆ្នាំ២០១៧នេះ។

ចំណែកឯប្រធានាធិបតីរុស្ស៊ីវិញបានសម្ដែងសុទិដ្ឋិនិយមថា ប្រទេសរុស្ស៊ីនឹង នៅតែរឹងមាំ ហើយបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍកាន់តែខ្លាំង បើទោះបីជាស្ថិតនៅក្នុងដំណាក់កាលដ៏សែនតានតឹងនិងលំបាកក្ដី។

នៅក្នុងសារជូនពររបស់ប្រធានាធិបតីបារាំងជូនពរជាលើកចុងក្រោយក្នុងឋានៈជាប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូលឡង់ បានរំលឹកឡើងវិញពីអំពើភេវរកម្មនៅទីក្រុងនីស។ ក្នុងនាមជាប្រមុខរដ្ឋ លោក ហ្វ្រង់ស័រ ហូលឡង់ បានសម្តែង និងចែករំលែកទុក្ខដោយអស់ពីចិត្តចំពោះពលរដ្ឋរងគ្រោះ។ ចំពោះមុខបញ្ហាភេរវកម្មដែលរីកសាយនៅសហភាពអឺរ៉ុបសព្វថ្ងៃនេះលោក ហ្វ្រង់ស័រ ហូលឡង់ បញ្ជាក់ថា ជាជំហានថ្មីនេះបារាំងត្រូវតែបន្តប្រយុទ្ធឆាំង អំពើភេរវកម្មនៅក្រៅប្រទេសបន្តទៅទៀត ដូចជាអ្វីដែលក្រុមប្រតិបត្តិការយោធាបារាំង កំពុងធ្វើនៅប្រទេសម៉ាលី នៅស៊ីរី និងនៅ អុីរ៉ាក់។

នៅក្នុងសារជូនពររបស់ប្រធានាធិបតីអីុរ៉ង់ Hassan Rouhani បានបញ្ជាក់ថា ក្រុមភេរវនិយមកំពុងដួលរលំជាលើកចុងក្រោយនៅតំបន់មជ្ឈិមបូព៌ា។ នៅក្នុងសារប្រកាសទៅកាន់ពលរដ្ឋនៅទូទាំងប្រទេសនាថ្ងៃទី១ ខែមករា ប្រធានាធិបតីអីុរ៉ង់បាន បញ្ជាក់ថា ទំនាក់ទំនងការបរទេសមិនអាចខ្វះបានហើយអ្វីដែលសំខាន់នោះគឺការ ប្រយុទ្ធប្រឆាំងក្រុមភេរវកម្មដែលជាការ គំរាមកំហែងដល់ពិភពលោកទាំងមូល។ ក្រុមភេរវកម្មនឹងដួលរលំក្នុងពេលឆាប់ៗខាងមុខ៕ ម៉ែវ សាធី

kim-junun se external


ចែករំលែក៖