ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រី៧នាក់មកស្នាក់នៅធ្វើការងារក្រុងប៉ោយប៉ែតខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះទៅត្រួតពិនិត្យឆែកឆេររកជនជាតិបរទេស មករស់នៅធ្វើការងារខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ។នគរបាលអន្តោប្រវេសន៍បានត្រួតពិនិត្យរកឃើញជនជាតិវៀតណាមប្រុសស្រីចំនួន៧នាក់ ក្នុងនោះមានប្រុស២នាក់ ស្រី៥នាក់។ពួកគេ មកធ្វើការងារជាជាងសំណង់ និងជាអ្នកម៉ាស្សាកោសជប់ ដោយមកស្នាក់នៅធ្វើការងារគ្មានលិខិតឯកសារត្រឹមត្រូវលួចឆ្លងដែនមករស់នៅខុសច្បាប់ រងការចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីយកទៅចាត់ចែងតាមនីតិវីធីច្បាប់អន្តោប្រវេសន៍របស់ប្រទេសកម្ពុជា។

លោកវរសេនីយ៍ឯក ឱ លន់ ស្នងការរងទទួលការងារអន្តោប្រវេសន៍ប្រាប់ឱ្យដឹងថា ខេត្តបន្ទាយមានជ័យក្នុងរយៈពេលចុងក្រោយនេះបានធ្វើការរិតបន្តឹងទៅលើជនបរទេសដែលមកស្នាក់នៅនិងធ្វើការងារខុសច្បាប់នៅខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តន៍តាមបទបញ្ជា ផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងដើម្បីឱ្យជនបរទេសមកធ្វើការងារ និងស្នាក់នៅក្នុងប្រទេសកម្ពុជា មានច្បាប់ទម្លាប់ត្រឹមត្រូវ និងក៏ដើម្បីបង្ការទប់ស្កាត់អំពើភេវរកម្ម ពង្រឹងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ឱ្យមានភាពល្អប្រសើរឡើង តាមរយៈនៃការគ្រប់គ្រងជនបរទេសចេញចូលនិងមកស្នាក់នៅក្នុងប្រទេសកម្ពុជា។

លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា ជនជាតិវៀតណាមទាំង៧នាក់ខាងលើ ពួកគេក្រោយពីនគរបាលអន្តោប្រវេសន៍បានសាកសួរ និងបំពេញបែបបទតាមជំនាញេរួចហើយ ក៏ដឹកបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីរៀបចំបែបបទ បណ្តេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមវិញ៕សំ វិច្ឆិកា

se-1 se-2


ចែករំលែក៖