ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់បានស្រែកយំ រត់មកប្តឹងសមត្ថកិសុំការជួយអន្តរាគមន៍ បន្ទាប់ពីបុរសជាប្តីចិត្តអប្រិយបានវាយធ្វើបាប និងទារលុយដែលទើបនិងឲ្យ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជាប្រពន្ធឈ្មោះ ឈៀវ ង៉ា អាយុ២៥ឆ្នាំ ឯបុរសជាប្តីឈ្មោះ ញ៉ែម ម៉ៅ អាយុ២៧ ឆ្នាំមុខរបរបើកបររថយន្តដឹកដី រស់នៅភូមិកើតហេតុខាងលើ ។
ស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា គាត់ និងប្តីបានរៀបការជាមួយគ្នាមក៧ឆ្នាំហើយ និងមានកូនស្រីម្នាក់អាយុ៥ឆ្នាំ គាត់មិនដែលមានសេចក្តីសុខឡើយ ដោយបុរសជាប្តីទុកដាក់លុយ ដែលរកបានមកដោយខ្លួនឯង ហើយក៏មិនដែលឲ្យលុយគាត់ចាយវាយដែរ ។
ស្ត្រីរងគ្រោះបានបន្តថា តាំងពីកូនស្រីគាត់ទើបមានអាយុប្រហែល១ឆ្នាំ ប្តីចិត្តសាវារបស់គាត់នេះបានរត់ចោលនាងទៅរស់នៅជាមួយស្ត្រីមេម៉ាយម្នាក់បាត់ ទើបតែរយៈពេល២ឆ្នាំក្រោយនេះ គេត្រឡប់មករស់នៅជាមួយគាត់វិញ ស្មានថា កែប្រែចិត្តហើយ ការពិតនៅតែដដែល គឺនៅតែដើរផឹកស៊ី ជក់ថ្នាំញៀន មិនដែលគិតពីប្រពន្ធកូនឡើយ ។
ស្ត្រីជាប្រពន្ធបញ្ជាក់ថា លុះល្ងាចថ្ងៃកើតហេតុ ប្តីបានយកលុយមកផ្ញើ៣៨៥.០០០រៀល រួចចេញទៅក្រៅបាត់ លុះមួយសន្ទុះក្រោយមក ស្រាប់តែត្រឡប់មកទារលុយវិញ តែនាងមិនព្រមឲ្យ ស្រាប់តែចាប់នាងវាយហែកហោប៉ៅខោយកលុយវិញ រួចចាកចេញទៅបាត់តែម្តង ។
ក្រោយពេលកើតហេតុ គាត់ជាប្រពន្ធបានរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងប្តឹងលែងលះបុរសជាប្តីចិត្តសាវានេះភ្លាមៗផងដែរ តែត្រូវសមត្ថកិច្ចប្រាប់ថា បើចង់លែងលះ ចាំព្រឹកចាំទៅ ប្តឹងសុំលែងលះនៅសាលាសង្កាត់ទៅ ខាងសាលាសង្កាត់ ទើបគេមានសិទ្ធិក្នុងការដោះស្រាយរឿងលែងលះនេះ ។
ក្រោយមក ស្ត្រីរងគ្រោះក៏បានទៅផ្ទះវិញ ទាំងទឹកភ្នែក រង់ចាំព្រឹកទើបទៅសាលាសង្កាត់ម្តងទៀត៕សុខាសែនជ័យ