ប្រទេសថៃ៖ ពលករខ្មែរ២៤នាក់បាននាំគ្នាចូលលួចកាប់ឈើគ្រញូងនៅក្នុងឧទ្យាន ជាតិថៃតម្លៃជាង១លានបាតតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅក្នុងខេត្តណាក់ខនរ៉ាចសីមា ប្រទេសថៃ ។
យោងតាមមន្ដ្រីថៃដែលផ្ដល់ព័ត៌មាន មកមន្ដ្រីនគរបាលកម្ពុជាជាប់ព្រំដែនបានបញ្ជាក់ថា ជនជាតិខ្មែរម្នាក់ក្នុងចំណោម បក្ខពួកទាំង២៤នាក់ត្រូវបានទាហានថៃ ឃាត់ខ្លួនរួមជាមួយឈើគ្រញូងដែលមានតម្លៃប្រមាណជាង១លានបាត ខណៈដែល ជនជាតិខ្មែររូបនេះបានលបចូលទៅក្នុង ឧទ្យានជាតិដែលជាតំបន់ហាមឃាត់ដើម្បីធ្វើសកម្មភាពជញ្ជូនឈើគ្រញូងទាំងនោះចេញពីព្រៃ ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងជំនាញសហការជាមួយកម្លាំងយោធា បានឡោមព័ទ្ធព្រៃឧទ្យានដែលនៅជាយ ភូមិឡាំភឿក ក្នុងភូមិ១ ឃុំឡាំភឿក ស្រុក ខនបុរី ខេត្តណាក់ខនរាជសីមា ប្រទេសថៃ ដោយក្នុងនោះបានប្រទះឃើញមនុស្ស ប្រមាណជាង២០នាក់ដែលកំពុងធ្វើសកម្មភាពស្ពាយនិងជញ្ជូនដុំឈើគ្រញូងចេញពីព្រៃទើបកម្លាំងបានសម្រុកឡោមព័ទ្ធដើម្បីឃាត់ខ្លួន ។ ប៉ុន្តែដោយសារយប់ងងឹតផងនោះទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្នាក់ដែលជាជនជាតិខ្មែរឈ្មោះ ផេង ធួន អាយុ២៥ឆ្នាំ រួមជាមួយនឹងឈើគ្រញូង ដែលបានកែច្នៃជាដុំៗ ហើយស្រេចចំនួន ២៨ដុំ បើគិតជាទឹកប្រាក់សរុបប្រហែល ជាង១លានបាតឯណោះ ។
ក្រោយឃាត់ខ្លួនជនសង្ស័យរូបនោះ បានសារភាពថា ខ្លួននិងបក្ខពួកចំនួន២៤ នាក់បានចូលមកក្នុងទឹកដីថៃតាមខ្សែបន្ទាត់ ព្រំដែនក្នុងខេត្តស្រះកែវតាំងពីថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០១៦មកម៉្លេះ ហើយក៏បានចូលមកសំងំនៅក្នុងឧទ្យានជាតិនេះរង់ចាំឱកាសល្អទើបចាប់ផ្តើមកាត់ឈើដើម្បីនាំចេញទៅឲ្យឈ្មួញតែក៏ត្រូវក្រុមអង្គភាពជំនាញឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញនាំយកទៅកាន់ស្នាក់ការដើម្បីសាក សួរបន្ត និងស្រាវជ្រាវរកអ្នកដែលនៅពីក្រោយខ្នង ។ ដោយឡែកឈើគ្រញូងទាំង អស់ក៏ត្រូវបានបញ្ជូនទៅរក្សាទុកនៅទីតាំង មេព្រៃជាបណ្តោះអាសន្នដើម្បីចាត់ចែង តាមផ្លូវច្បាប់ ៕ ប៉ែន នួន