ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមហ៊ុន Guangzhou R&F Co.Ltd

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Zhang Li ប្រធានក្រុមហ៊ុន Guangzhou R&F Co.Ltd នៃប្រទេសចិនចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ។

ក្រុមហ៊ុន លោក Zhang Li ជាក្រុមហ៊ុន ចម្រុះដ៏ធំបំផុតមួយនៅប្រទេសចិនដែលធ្វើអាជីវកម្មផ្នែកអចលនទ្រព្យ រួមទាំងការសាងសង់សណ្ឋាគារលំដាប់កំពូលវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស វិស័យសុខា ភិបាល និងថែទាំមនុស្សចាស់ជរាជាដើម ។ សព្វថ្ងៃនេះក្រុមហ៊ុនមានបុគ្គលិកប្រមាណ ជា៦ម៉ឺននាក់ ដែលមានជំនាញ ខាងវិស័យ សំណង់រួមទាំងផ្នែកស្ថាបត្យ កម្មការសាង សង់ និងដឹកជញ្ជូនផងដែរ ។ ក្រុមហ៊ុន Guangzhou R&F Properties Co.Ltd មានប្រាក់ចំណូលប្រមាណ ១០ពាន់លាន ដុល្លារអាមេរិក និងមានប្រាក់ចំណេញសុទ្ធ ១.៥០០លានដុល្លារក្នុងមួយឆ្នាំ ។

នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុន របស់លោកមកកាន់ប្រទេសកម្ពុជា ព្រោះ ដោយបានសង្កេតឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលលោកមានចំណាប់អារម្មណ៍ខ្លាំង និងមានជំនឿទុកចិត្តខ្លាំងជាមួយស្ថិរភាព និងកំណើនសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន។ ថ្មីៗនេះលោក Zhang Li ក៏បានជួបជាមួយនឹងលោកឧកញ៉ា គិត ម៉េងរួចហើយ និងបានពិភាក្សាគ្នាក្នុងការ បះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ប្រមាណ៣.០០០លានដុល្លារសហរដ្ឋ អាមេរិក ។ ជាជំហានដំបូង លោក Zhang Li មានចំណាប់អារម្មណ៍វិនិយោគនៅក្នុង រាជធានីភ្នំពេញ និងក្រុងព្រះសីហនុក្នុងការ សាងសង់សណ្ឋាគារលំដាប់ផ្កាយ៦ ។

សម្ដេចតេជោ ហ៊ុន សែន បានកោត សរសើរចំពោះការរីកចម្រើននៃសេដ្ឋកិច្ច ប្រទេសចិន ដែលក្នុងនោះមានក្រុមហ៊ុន លោក Zhang Li ដែលបានទទួលជោគជ័យក្នុងការវិនិយោគសព្វថ្ងៃ។ សម្តេចតេជោ បានស្វាគមន៍ និងគាំទ្រចំពោះការចាប់ដៃគ្នារវាងក្រុមហ៊ុនរបស់លោក Zhang Li ជាមួយអ្នកឧកញ៉ា គិត ម៉េង គឺភាគីកម្ពុជា មានដី ហើយភាគីចិនមានថវិកាសម្រាប់វិនិយោគសាងសង់។

សម្ដេចតេជោនាយក រដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានាពេលនេះគឺមានស្ថិរភាពនយោបាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលងាយស្រួលដល់អ្នកវិនិយោគ។ ទន្ទឹមនឹងនេះ គឺសេដ្ឋកិច្ច កម្ពុជាកំពុងតែមានសន្ទុះរីកលូតលាស់ល្អ ផងដែរ ។ ជាការពិតប្រទេសកម្ពុជាកំពុងតែមានសេចក្ដីត្រូវការផ្នែកសណ្ឋាគារលំដាប់ កំពូលៗ ព្រោះថាចំនួនភ្ញៀវទេសចរមក កាន់ប្រទេសកម្ពុជាកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។ ភ្ញៀវបរទេសមួយ ចំនួនធំគឺត្រូវការសណ្ឋាគារទំនើបចាប់ពីផ្កាយ៥ ឡើងទៅទើបពួកគេមកកម្សាន្តនៅ ប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតការ វិនិយោគរបស់ក្រុមហ៊ុន លោក Zhang Li ពេលនេះ គឺស្របនឹងនយោបាយរបស់ចិនចំពោះប្រទេសកម្ពុជានោះគឺគោលនយោ បាយខ្សែក្រវាត់មួយវិថីមួយ និងគោល នយោបាយវិថីសូត្រសមុទ្ររបស់ចិន ទៀតផង ។

នៅក្នុងជំនួបពិភាក្សានារសៀលថ្ងៃនោះលោក Zhang Li បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចក្រុមហ៊ុនរបស់ លោកនៅក្វាងចូវ ប្រទេសចិនផងដែរ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជូនពរ លោក Zhang Li និងសហការីទាំងអស់ ទទួលបានជោគជ័យទាំងនៅក្នុងឆ្នាំសកលថ្មីឆ្នាំ២០១៧ និងនៅក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ ៕ ហេង សូរិយា

hun-sen-2 hun-sen-1


ចែករំលែក៖