ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រជាជន កម្ពុជាបានឆ្លើយតបនឹងលិខិតលោក កឹម សុខា ថា ការជួបគ្នារវាងថ្នាក់ដឹកនាំក្រុម តំណាងរាស្រ្តរបស់គណបក្សទាំង២នឹងអាចធ្វើឡើងនៅក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ នេះបើយោងតាមលិខិតឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយសម្តេច ក្រឡាហោម ស ខេង កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ។
ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីលោកកឹម សុខា ប្រធាន ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានធ្វើលិខិតមួយដោយស្នើឱ្យមានជំនួបនៅក្នុងខែមករានេះដើម្បីជជែកពិភាក្សា ការងារមួយចំនួន ។
ក្នុងលិខិតរបស់សម្តេច ស ខេង បាន ឆ្លើយតបទៅកាន់លោក កឹម សុខា យ៉ាង ដូច្នេះថា «ខ្ញុំក៏សូមការយោគយល់ពី ឯកឧត្តមចំពោះការខកខានមិនបានជួប ប្រជុំជាមួយគ្នាក្នុងរយៈពេលកន្លងមកដោយ មូលហេតុកម្មវិធីការងាររបស់ខ្ញុំមានភាព មមាញឹកខ្លាំង។ តែខ្ញុំសង្ឃឹមថាជំនួបពិភាក្សា ការងាររវាងគណបក្សទាំង២អាចនឹងធ្វើឡើងក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ចំពោះពេលវេលាជាក់ស្តែងខុទ្ទកាល័យ របស់ខ្ញុំនឹងជូនព័ត៌មានទៅខុទ្ទកាល័យរបស់ ឯកឧត្តមនៅពេលក្រោយ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តគណបក្សទាំង២បានជួបគ្នាម្តងផងដែរនៅអំឡុងកិច្ចប្រជុំរដ្ឋសភាបន្ទាប់ពីលោក កឹម សុខា បានទទួលការប្រោស ប្រទានលើកលែងទោសពីព្រះមហាក្សត្រ ហើយចូលប្រជុំសភាឡើងវិញ។ ក្រោយ ជំនួបនោះលោកមេឃុំ ស៊ាង ចែត ដែល ជាប់ពន្ធនាគារក្នុងសំណុំរឿងមួយពាក់ព័ន្ធនឹងលោក កឹម សុខា ត្រូវបានដោះលែង ទោសផងដែរ ៕ ហេង សូរិយា