ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរីបានសម្រេចឃុំខ្លួនស្ត្រី២នាក់ដាក់ពន្ធនាគារខេត្ត បណ្ដោះអាសន្ននៅរសៀលថ្ងៃទី១០ ខែ មករា ដើម្បីស៊ើបអង្កេតបទចោទប្រកាន់ធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ។ ស្ត្រីទាំង ២នាក់មានឈ្មោះ សំ យ៉េត អាយុ៤៤ឆ្នាំ និងឈ្មោះ ស៊ូ ម៉ាយ៉ាន អាយុ៣៧ឆ្នាំ រស់នៅ ភូមិពូទុង ឃុំចុងឆ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ សាលាដំបូងខេត្តមណ្ឌលគិរី លោក សូ សុវិជ្ជា បញ្ជាក់ថា មន្ត្រីអយ្យការចោទប្រកាន់ស្ត្រីទាំង២នាក់តាមច្បាប់រ៉ែ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនពួកគេបញ្ជូនមកស្ថាប័នអយ្យការកាលពីថ្ងៃទី៩ ខែមករា។ លោកថាបានបញ្ជូនជនជាប់ចោទទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តហើយ ។
ចំណែកប្រធានពន្ធនាគារខេត្តមណ្ឌលគិរី លោក អាន គឹមឡុង បញ្ជាក់ដែរថា ជនជាប់ចោទត្រូវបានបញ្ជូនមកឃុំខ្លួននៅពន្ធនាគាររួចហើយតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ ។
សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋឃុំចុងឆ្លាស់ ឲ្យដឹងថា ជនជាប់ចោទត្រូវ សមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថចុះបង្ក្រាបនៅកន្លែងជីករ៉ែមាស នៅភូមិពូទុងហើយ ខណៈនោះដែរមានពល រដ្ឋជាច្រើននាក់បានលើកគ្នាមានកាំបិតពូថៅ រារាំងក្រុមសមត្ថកិច្ច ៕ ហេង នរិន្ទ្រ