ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្នុងឃុំជាំក្រវៀន និងឃុំទន្លូង ស្រុកមេមត់ បានចោទប្រកាន់ធ្ងន់ៗទៅលើក្រុមហ៊ុនម៉ែន សារុន ដែលទទួលបានដីសម្បទានសង្គមកិច្ចក្នុងតំបន់នោះមានទំហំ២ពាន់ហិកតាថា បានជីកប្រឡាយកាត់ផ្តាច់ផ្លូវពួកគាត់មិនអាចដឹកកសិផលចេញពីចម្ការបាន។
ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកឡើងថា ពួកគាត់មានដីនៅជាប់នឹងដីរបស់ក្រុមហ៊ុន ម៉ែន សារុន ដីរបស់ពួក គាត់នោះគឺដាំដំណាំកៅស៊ូតែឥឡូវនេះជ័រកៅស៊ូមិនអាចដឹកចេញបានឡើយ។ ដោយ សារតែផ្លូវធ្លាប់ដឹកជញ្ជូនរាល់ដងត្រូវបានក្រុមហ៊ុនម៉ែនសារុនកាត់ផ្តាច់។ ពួកគាត់ថា ក្រុមហ៊ុននេះហាក់មានចេតនាបិទផ្លូវ ព្រោះ ថាពួកគាត់បានយកក្តារមកដាក់ដើម្បីឆ្លងប្រឡាយនោះដែរ ប៉ុន្តែក្រុមហ៊ុនបែរជា លើកចេញអស់ ។
លោក យ៉ែម គង់ តំណាងប្រជាពល រដ្ឋបានថ្លែងថា ពេលនេះប្រជាពលរដ្ឋ ប្រមាណជាង៣០០នាក់រស់នៅក្នុងឃុំ ជាំក្រវៀន និងឃុំទន្លូងបានផ្តិតមេដៃរួច ហើយដើម្បីតវ៉ាករណីក្រុមហ៊ុន ម៉ែន សារុន ជីកប្រឡាយផ្តាច់ផ្លូវពលរដ្ឋដឹកកសិផល។
ករណីនេះមិនអាចទាក់ទងលោក សុខ វាសនា ដែលជាតំណាងក្រុមហ៊ុន ម៉ែន សារុន ដើម្បីបំភ្លឺបានទេកាលពីរសៀលថ្ងៃ ទី១២ ខែមករា។ តែយ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុនរូបនេះបានថ្លែងប្រាប់សារ ព័ត៌មានក្នុងស្រុកថា ការកាយប្រឡាយនេះ ដើម្បីបង្ការអគ្គិភ័យឆាបឆេះនៅរដូវប្រាំង និងដើម្បីកំណត់ព្រំដីរបស់ក្រុមហ៊ុន ។
ប្រជាពលរដ្ឋរងគ្រោះកំពុងរៀបចំឯកសារត្រៀមប្ដឹងក្រុមហ៊ុន ម៉ែន សារុន ទៅ អាជ្ញាធរ ព្រោះបានបង្កការខូចខាតផលិតផលកសិកម្មរបស់ពួកគាត់។ ការលើកឡើង បែបនេះក្រោយពេលប្រជាសហគមន៍មិនមានផ្លូវសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មចេញពីដីចម្ការរបស់ពួកគាត់បានឡើយ ក្រោយពេលក្រុមហ៊ុនបានជីកប្រឡាយ ផ្ដាច់ផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន ។
ស្រូវរបស់ប្រជាកសិករនៅឃុំជាំក្រវៀន មួយចំនួនចាប់ផ្ដើមដុះជាបន្តបន្ទាប់ក្រោយពេលពួកគេច្រូតកាត់រួចរាល់ហើយ ប៉ុន្តែ មិនមានផ្លូវសម្រាប់ដឹកជញ្ជូនយកមកផ្ទះសម្បែង ឬយកម៉ាស៊ីនទៅបោកបែននៅ ទីនោះបាន។ បន្ថែមពីនេះដំឡូងរបស់អ្នកភូមិមួយចំនួនក៏ចាប់ផ្ដើមរលួយមើមដោយសារមិនអាចដកឱ្យទាន់ពេលវេលា ព្រោះភ្លៀងធ្លាក់ជាច្រើនផ្ទួនៗគ្នា។ ម្យ៉ាងមិនមាន ផ្លូវសម្រាប់ដឹកជញ្ជូនចេញពីដីចម្ការបានពីព្រោះផ្លូវដែលពលរដ្ឋធ្លាប់ធ្វើដំណើរដឹក ផលិតផលកសិកម្មឆ្លងកាត់រាល់ដងត្រូវ បានខាងភាគីក្រុមហ៊ុន ម៉ែន សារុន ជីក ផ្ដាច់កាលពីពេលកន្លងទៅ ។
លោក ផុន សុផល ប្រជាពលរដ្ឋឃុំជាំក្រវៀនបានឱ្យដឹងថា ពួកគាត់កំពុងប្រមូល ឯកសារ ហើយនឹងរៀបចំពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន ម៉ែន សារុន ទៅអាជ្ញាធរឃុំ ស្រុក ខេត្ត។ ការសម្រេចដាក់ពាក្យប្ដឹងនេះ ព្រោះ ដើម្បីឱ្យខាងក្រុមហ៊ុនដោះស្រាយការខូចខាតផលិតផលកសិកម្មរបស់ពួកគាត់ ដែលបណ្ដាលមកពីការជីកប្រឡាយផ្ដាច់ផ្លូវសាធារណៈពីសំណាក់ភាគីក្រុមហ៊ុន កាលពីខែតុលា ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៦តំណាង ប្រជាពលរដ្ឋជិត១០នាក់បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំដោយរៀបរាប់ថា ក្រុមហ៊ុន ម៉ែន សារុន នៅតែបន្តជីកប្រឡាយព័ទ្ធដី របស់ពួកគាត់នៅចំណុចទួលក្រួស ហើយ មួយទៀតក្រុមហ៊ុនបានជីកប្រឡាយផ្ដាច់ផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរទៅកាន់ដីចម្ការបាន។ តំណាងសហគមន៍ដដែលអះអាង ថា ការជីកផ្ដាច់ផ្លូវនោះបណ្ដាលឲ្យពលរដ្ឋ ជាង១០០គ្រួសាររងផលប៉ះពាល់ ។
មេឃុំជាំក្រវៀនធ្លាប់ប្រាប់ថា បញ្ហានេះ លោកនឹងហៅភាគីក្រុមហ៊ុនមកសម្រប សម្រួលក្នុងរយៈពេល២-៣ថ្ងៃក្រោយប៉ុន្តែមិនទាន់មានចំណាត់ការទៅលើក្រុមហ៊ុននៅឡើយទេមកទល់ថ្ងៃទី១៥ ខែធ្នូ។
មេឃុំជាំក្រវៀនលោក អ៊ួច យឿន បាន មានប្រសាសន៍ថា លោកមិនទាន់បានដោះ ស្រាយបញ្ហានេះទេដោយសារជាប់រវល់ ពេក ហើយការសម្រេចរបស់ប្រជាសហ គមន៍ថា នឹងប្ដឹងក្រុមហ៊ុនយ៉ាងណាគឺជា រឿងរបស់ពួកគេ ។
ចម្លើយរបស់អាជ្ញាធរឃុំបែបនេះទើប ធ្វើប្រជាសហគមន៍យល់ថា អាជ្ញាធរមិន មានឆន្ទៈជួួយដោះស្រាយបញ្ហាប្រឈម របស់ពួកគាត់ឡើយ ៕ ហេង សូរិយា