កន្លងមកក្រសួងហិរញ្ញវត្ថុនិងក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទកន្លងទៅដាក់ទណ្ឌកម្មទៅលើឥស្សរជនរុស្ស៊ី៥នាក់ទៀតក្នុងនោះមានលោក Alexandre Bastrykine ជានាយកគណៈ កម្មាធិការរដ្ឋខាងស៊ើបអង្កេតតាមមុខព្រួញ ឧក្រិដ្ឋកម្មហៅកាត់ថា SKR ប្រៀបបាន FBI នៅស.រ.អា. ព្រមទាំងទៅលើតំណាងរាស្ត្ររុស្ស៊ីពីរនាក់ជាប់សង្ស័យដោយអាជ្ញាធរ អង់គ្លេស ថាបានប្រព្រឹត្តឃាតកម្មតាម រយៈការប្រើធាតុ Polonium-210 បំពុល កាលពីឆ្នាំ២០០៦ សត្រូវរបស់លោកប្រធានាធិបតីពូទីនគឺបុរសឈ្មោះ Alexandre Litvinenko ជាអតីតភ្នាក់ងារ KGB ភៀសខ្លួនទៅជ្រកកោននៅក្រុងឡុងកាលពីឆ្នាំ ២០០៥។
ចំណែករដ្ឋាភិបាលទីក្រុងមូស្គូបានចាត់ ទុកជា ជំហានមួយបន្ថែមទៀតឆ្ពោះទៅ អូសទាញទំនាក់ទំនងរុស្ស៊ី-អាមេរិកឲ្យ កាន់តែស្រុតចុះអាក្រក់ទៅគឺទណ្ឌកម្មថ្មី ប្រកាសដោយរដ្ឋបាលប្រធានាធិបតីអាមេរិកាំង អូបាម៉ា ប្រឆាំងរុស្ស៊ី ទណ្ឌកម្មដែលតម្រង់ជាពិសេសទៅលើមន្ត្រីជាន់ខ្ពស់បំផុត នៃស្ថាប័នរដ្ឋរុស្ស៊ីខាងស៊ើបអង្កេត។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតអ្នកនាំ ពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ពេស្កូវ ប្រកាសថា «គួរឲ្យស្តាយដែលជំហានថ្មីនេះពីខាងរដ្ឋបាលអាមេរិកាំងនាំឲ្យខូចក្នុងកម្រិតមិនធ្លាប់មានដូចទេដល់ចំណងមិត្តភាពរវាងក្រុងវ៉ាស៊ីនតោននឹងមូស្គូក្នុង ដំណើរប្រព្រឹត្តទៅនៃអាណត្តិទី២ របស់ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា»។
ចំណែកមន្ត្រីការទូតរុស្ស៊ីក្នុងសេចក្តីថ្លែង ការណ៍របស់ខ្លួនបានដៀលត្មះឲ្យរដ្ឋបាល អូបាម៉ា ថា ងប់នឹងដាក់ទណ្ឌកម្មដូចខ្មោចចូលអ៊ីចឹង «ហើយប្រកាន់» អាកប្បកិរិយា មិនចេះអៀនខ្មាសឡើយ។
រីឯប្រធានសភាឌូម៉ាជាសភាជាន់ក្រោម រុស្ស៊ីលោក Viacheslav Volodine សន្និដ្ឋាន អំពីទង្វើរដ្ឋបាលអូបាម៉ាដែលជិតដើរចេញពីសេតវិមានទៅហើយថា ជាទង្វើក្រហល់ ក្រហាយសឹងឆ្កួត៕ ម៉ែវ សាធី