ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកជើងព្រៃឃាត់ជនសង្ស័យ៧នាក់ពាក់ព័ន្ធបោកប្រាក់ប្រជាពលរដ្ឋ១២ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ជាប់ពីបទឆបោកប្រាក់ចំនួន១២ម៉ឺនដុល្លារពីប្រជាពលរដ្ឋ១៧គ្រួសារនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ជនសង្ស័យទាំង៧នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន មានទី១ ឈ្មោះ យាន យ៉ឺន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម, ទី២-ឈ្មោះ ប្រាជ្ញ ធី ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិត្រពាំងស្លា ឃំុសំពងជ័យ ស្រុកជើងព្រៃ, ទី៣-ឈ្មោះ ប្រាជ្ញ ពៅ ភេទ ប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ, ទី៤-ឈ្មោះ សេក សាវ៉ាត ភេទប្រុស អាយុ២៩ឆ្នាំ រស់ នៅភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ, ទី៥-ឈ្មោះ យាន ឆៃអេង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិត្រពាំងត្រំុ ឃុំសំពងជ័យ ស្រុកជើងព្រៃ, ទី៦-ឈ្មោះ ហេង ហ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំង ត្រុំ ឃុំសំពងជ័យ ស្រុកជើងព្រៃ និងទី៧- ឈ្មោះ លុយ សុជាតិ ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។

ជនសង្ស័យទាំង៧នាក់ខាងលើនេះជា បុគ្គលិក សមាគមជនពិការអភិវឌ្ឍន៍សន្សំ ប្រាក់ នៅស្រុកជើងព្រៃ មានទីស្នាក់ការ នៅភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ សមាគមនេះបង្កើតឡើង កាលពីខែតុលា ឆ្នាំ២០១៤ ដោយមាន លោក សេក សាវ៉ាត ជាប្រធានគណនី ។

លោក សោម ជា តំណាងប្រជាពលរដ្ឋ ១៧គ្រួសារបានឲ្យដឹងថា សមាគមនេះបាន ឃោសនាឲ្យប្រជាពលរដ្ឋដាក់ប្រាក់សន្សំ ដោយទទួលបានការប្រាក់៣ភាគរយ។ បន្ទាប់មកប្រជាពលរដ្ឋចំនួន១៧គ្រួសារ បានយកប្លង់ដីស្រែ ប្លង់ផ្ទះដាក់បញ្ចាំនៅ ធនាគារយកប្រាក់មកដាក់ក្នុងសមាគម ខាងលើ ក្នុងនោះអ្នកខ្លះដាក់ប្រាក់១០ លានរៀល ខ្លះទៀត២.០០០ដុល្លារ, ៥.០០០ដុល្លាររហូតដល់អ្នកខ្លះដាក់ប្រាក់ ដល់ទៅ៣ម៉ឺុនដុល្លារឯណោះ ។

ក្រោយពីដាក់ប្រាក់សន្សំហើយអ្នកខ្លះក៏បានទទួលការប្រាក់តិចតួច ខ្លះទៀតក៏ មិនបានទទួល។ កន្លងទៅថ្មីៗនេះស្រាប់ តែស្នាក់ការសមាគមខាងលើបានដោះស្លាក ចេញ ហើយដាក់លក់ទំនិញធម្មតាវិញទើបប្រជាពលរដ្ឋភ្ញាក់ខ្លួនដឹងថា ចាញ់បោក សមាគមខាងលើក៏បានទៅដាក់ពាក្យ បណ្តឹងនៅសាលាដំបូងខេត្តកំពង់ចាម អស់រយៈពេល២ខែមកហើយតែមិនទាន់ឃើញមានចំណាត់ការ ទើបពួកគាត់នាំគ្នាសុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយធ្វើអន្តរា គមន៍ ។

លោក ចាន់ ហោ នាយរងការិយាល័យ កណ្តាលយុត្តិធម៌នៃស្នងការដ្ឋានគរបាល ខេត្តកំពង់ចាមបានឲ្យដឹងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ថា សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់មកសាក សួរ តែពុំទាន់ដឹងលទ្ធផលនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕ ហេង នរិន្ទ្រ

555


ចែករំលែក៖