ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសអាយុ៣ឆ្នាំលង់ទឹកស្លាប់ខណៈឪពុកម្តាយកំពុងលង់លក់ក្នុងដំណេក

ចែករំលែក៖

ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានដើរធ្លាក់ទឹកស្លាប់យ៉ាងអណោចអធ័ម ខណៈដែលឪពុកម្តាយកំពុងដេកលង់លក់ក្នុងដំណេក ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចកំពង់ទឹកចងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ភារុន ណារា ភេទប្រុស អាយុ០៣ឆ្នាំ ជនជាតិខ្មែរ មានឪពុកឈ្មោះ ចន ភារុន អាយុ២៥ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ លី ស្រីមុំ អាយុ២៧ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុរយៈពេល៣ខែឪពុកម្តាយកុមារងគ្រោះបានមកធ្វើរោងស្នាក់នៅមាត់ច្រាំងទន្លេមេគង្គ ដើម្បីនេសាទត្រី ។ លុះមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ក្រោយពីសារបាយថ្ងៃត្រង់រួចបុរស-ស្ត្រី២នាក់ប្តីប្រពន្ធបានចូលទៅដេកក្នុងរោង ដោយទុកកូនប្រុស(ក្មេងរងគ្រោះ)ឲ្យនៅលេងខាងក្រៅរោងស្នាក់នៅម្នាក់ឯង ។

បន្ទាប់ពីក្រោកពីដំណេកមិនឃើញកូននៅលេងខាងមុខរោងស្នាក់នៅដូចសព្វមួយដង បុរសជាឪពុកមានការសង្ស័យក៏ចុះមុជទឹកទន្លេរាវរករហូតប្រទះឃើញសពកូនប្រុស ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ៕ ស្អាងជ័យ

1 2 3


ចែករំលែក៖