ព័ត៌មានទាន់ហេតុការណ៍៖

ល្បីថា តុលាការ នឹងដោះលែងយាយ ព្រឿងនៅថ្ងៃទី២៥ ខែមករា ខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ មេឈ្មួញឈើដ៏ធំ ប្រចាំតំបន់ភូមិភាគឦសាន្តឈ្មោះយាយព្រឿង ហៅ ហេង សំនៀង ជនជាតិវៀតណាម ដែលកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ពីបទប៉ុនប៉ងលួចវត្ថុតាង និងប្រឆាំងអ្នករាជការសាធារណៈ ពេលកំពុងបំពេញមុខងារ នៅចំណុចសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ស្ថិតក្នុងភូមិ ឃុំ អូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយកំពុងជាប់ពន្ធនាគារព្រៃស បានលេចឮ ល្បីសុះសាយពីមាត់មួយទៅមាត់មួយ នៅខេត្តស្ទឹងត្រែងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ តុលាការនឹងដោះលែង ថ្នូរនឹងប្រាក់រាប់ម៉ឺនដុល្លារ ។

គួររំលឹកថា រយៈពេលកន្លងមក ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង ជាឈ្មួញរកស៊ីឈើយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយក៏ជាមនុស្សដែលមានឥទ្ធិពលខ្លាំង សូម្បីតែសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមហ្វេសប៊ុក បានផ្សព្វផ្សាយ និងបង្ហោះដឹងឮជាសាធារណៈក៏ដោយ ក៏ឈ្មោះនេះ មិនបញ្ឈប់សកម្មភាពល្មើសច្បាប់នេះដែរ មិនតែប៉ុណ្ណោះ ជននេះ កាន់តែផ្គើន មិនគោរពច្បាប់ថែមទៀត ។ ដោយមានហេតុការណ៍ដូច្នេះ ទើបនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ចាត់បញ្ជូនកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាប ។ ជាក់ស្តែងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១២និង៣០នាទី កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងជំនាញរដ្ឋបាលព្រៃឈើចុះបង្ក្រាបករណីប្រមូល និងសន្និធិឈើប្រណីតគ្មានលិខិតអនុញ្ញាត នៅចំណុចភ្នំក្រហម ស្ថិតនៅក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង រឹបអូស និងចាប់យកវត្ថុតាងឈើប្រណីតប្រភេទធ្នង់ចំនួន១៣០១ដុំ ស្មើនឹងជាង២៥ម៉ែត្រគូប ហើយបានបញ្ជូនមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ។

លុះដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ យាយ ព្រឿង មេឈ្មួញឈើល្មើសច្បាប់នេះ បានប្រើប្រាស់មធ្យោបាយរថយន្ត២គ្រឿង និងកម្មករ១០នាក់ បើកឡានចូលទៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ក្នុងគោលបំណងលួចយកឈើដែលជាវត្ថុតាងពីក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ តែពេលនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ទប់ស្កាត់ តែជននោះ បញ្ជាកម្មករឲ្យប្រឆាំង និងអំពើហិង្សាមកលើកងរាជអាវុធហត្ថ ទើបកម្លាំងឈានដល់ការឃាត់ខ្លួនយាយ ព្រឿង នៅនឹងកន្លែងកើតហេតុជាក់ស្តែង ។

ការឃាត់ខ្លួនយាយព្រឿង ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធនឹងបទល្មើសជំនួញលើប្រណីតល្មើសច្បាប់ និងបញ្ជូនទៅតុលាការដាក់ពន្ធនាគារបណ្តោះអាសន្ននៅព្រៃស ទាំងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទាំងមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការនេះ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះ បែរជាលេចឮ ល្បីសុះសាយថា ឈ្មួញឈើ ឈ្មោះ យាយ ព្រឿង នេះ តុលាការនឹងត្រូវដោះលែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ឲ្យទាន់រដូវបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ដែលមានការចំណាយប្រាក់រាប់សិបម៉ឺនដុល្លារឯណោះ ។ ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ទងបានទេ សុំការបំភ្លឺពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ដោយទូរស័ព្ទចូល លោកគ្រាន់តែ បញ្ជាក់ថា កំពុងជាប់រវល់ប្រជុំរួចក៏បិទទូរស័ព្ទ ។ ប្រសិនបើមានការដោះលែង យាយព្រឿង ដូចអ្វីដែលបាននិងកំពុងល្បីសុះសាយនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋ ពិសេសបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏ដូចជាសារព័ត៌មាន នឹងយកចិត្តតាមដានក្នុងរឿងនេះ ដើម្បីស្វែងរកការពិត ជូនប្រជាពលរដ្ឋបានដឹង ៕ សុខ ខេមរា

IMG_6270 IMG_7465 IMG_7606


ចែករំលែក៖