ខេត្តបាត់ដំបង៖ យុវជនសង្ស័យ២នាក់សមត្ថកិច្ចបង្ហាញឱ្យដឹងថា ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃទំនើប១គ្រឿងរបស់ស្រ្តីម្នាក់កំពុងជិះម៉ូតូបានសម្រេច ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង ដេញតាមប្រមាញ់ចាប់ឃាត់ខ្លួនបាននៅថ្ងៃដដែល នៅពេលពួកគេយកទៅទូរស័ព្ទដៃដែលឆក់បាន បម្រុងយកទៅលក់ក្នុងហាងទទួលបញ្ចាំមួយកន្លែងក្នុងក្រុងបាត់ដំបង ។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា៖ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នា២០១៧ នៅចំណុចភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នា ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ស្រ្តីរងគ្រោះម្នាក់មានឈ្មោះ បេត សកុណេត អាយុ២៤ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ខណៈដែលស្រ្តីរងគ្រោះជិះម៉ូតូដៃកាន់ទូរស័ព្ទ។
លោកអធិការប្រាប់ឱ្យដឹងទៀតថា ក្រោយពីកើតឡើងអំពើលួចនោះហើយ ស្រ្តីរងគ្រោះ បានមកដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានរៀបរាប់ភិនភាគ ជនសង្ស័យនិងភិនភាគម៉ូតូ ។ លុះបន្ទាប់មកនៅថ្ងៃដដែល លោកក៏បានបញ្ជាកម្លាំងជំនាញចុះ ស្រាវជ្រាវស៊ើបអង្កេតហើយកំណត់បានមុខសញ្ញា ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ និងម៉ូតូ១គ្រឿងនៅចំណុចហាងទទួលបញ្ចាំមួយកន្លែងក្រោយវត្តលៀប បញ្ជូនពួកគេមកកាន់អធិការដ្ឋានគរបាលក្រុងបាត់ដំបង ដើម្បីយកមកសាកសួរ និងចាត់ចែងតាមនីតិវិថីច្បាប់។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ១, រុន សុខណា ភេទប្រុស អាយុ ២០ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិបល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ២,គឹម ហៀត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា ។
ជាមួយនិងការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ២គ្រឿង ក្នុងនោះទូរស័ព្ទដៃស្រ្តីរងគ្រោះ១គ្រឿង ម៉ាកនិច ម៉ូតូ១គ្រឿង ។
ជនសង្ស័យទាំង២នាក់ក្រោយពីកម្លាំងំនាញនគរបាលក្រុងបាត់ដំបងសួរនាំរួចហើយ ក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា