ប្រទេសថៃ៖ ប្រជាពលរដ្ឋខ្មែរប្រុសស្រី៦នាក់និងជនជាតិថៃ៦នាក់ទៀតសរុប១២នាក់ ធ្វើដំណើរតាមរថយន្ត១គ្រឿងបានជួបហេតុការណ៍អាក្រក់មួយ ដោយរថយន្តបែកកង់ក្រោយរ៉េចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ នាំឱ្យអ្នកធ្វើដំណើរក្នុងរថយន្តទាំងជនជាតិខ្មែរនិងថៃបានស្លាប់និងទទួលរងរបួសធ្ងន់ស្រាល។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្បែរជើងភ្នំខ្លែង ក្នុងស្រុកណងយ៉ៃ ខេ្តឈុនបុរី ប្រទេសថៃ។
ជុំវិញនៃហេតុណ៍នេះដែរ បើតាមការដកស្រង់ព័ត៌មានពីកាសែតក្នុងប្រទេសថៃឱ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង១២នាក់មានជនជាតិថៃម្នាក់ជាអ្នកបើករថយន្តតែម្តងបានស្លាប់នៅកន្លែងកើតហេតុរថយន្តគាបសង្កត់ពីលើ ចំណែកជនជាតិខ្មែរ មិនមានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់បាត់បង់ជីវិតនោះឡើយគ្រាន់តែរងរបួសធ្ងន់និងស្រាលប៉ុណ្ណោះ ត្រូវបានរថយន្តពេទ្យរបស់ថៃដឹកបញ្ជូន យកទៅសង្រ្គោះជីវិតនៅក្នុងមន្ទីរពេទ្យនៃខេត្តឈុនបុរី។
បើតាមប្រភពព័ត៌មានពីកាសែតថៃដដែលឱ្យដឹងទៀតថា ជនជាតិខ្មែរទាំង៦នាក់ពួកគេធ្វើដំណើរទេសចរណ៍កំសាន្តនៅក្នុងប្រទេសថៃដោយចេញដំណើរពីចំណតរថយន្តមួយកន្លែងក្នុងខេត្តឈុនបុរី គោលបំណងទៅខេត្តត្រាត។
ប្រភពព័ត៌មានឱ្យដឹងទៀតថា រថយន្តដឹកផ្ទុកជនជាតិខ្មែរ ថៃរងការក្រឡាប់ដោយបើកបរល្បឿនលឿន ដល់ចំណុចកើតហេតុខាងលើរថយន្តបែកកង់ក្រោយផ្នែកខាងឆ្វេង ធ្វើឱ្យតៃកុងរថយន្តបាត់ម្ចាស់ការខ្លួនឯង ភ័យស្លន់ស្លោ នាំឱ្យរថយន្តរេចង្កូតធ្លាក់ផ្លូវចូលប្រឡាយ បណ្តាលឱ្យក្រឡាប់តែម្តង ។ ជនជាតិខ្មែរទាំង៦នាក់ ដែលរងរបួសត្រូវបានគេស្គាល់អត្តសញ្ញាណហើយ មានឈ្មោះ ១, ស៊ី ឡៃ ភេទស្រី អាយុ៣២ឆ្នាំ ២, ឡុង កល្យាណ ភេទស្រី អាយុ២០ឆ្នាំ ៣, ញ៉ែម សុភក្តិ ភេទប្រុសអាយុ២៨ឆ្នាំ ៤,សន សួន ភេទប្រុស អាយុ៥០ឆ្នាំ ៥,ពៅ ក្លឹប ភេទ ប្រុស អាយុ៥២ឆ្នាំ និង៦,ថា កុសសល ភេទប្រុស អាយុ២៤ឆ្នាំ ជនរងគ្រោះខ្មែរទាំងនេះកំពុងស្ថិតក្នុងការសង្រ្គោះនៅមន្ទីរពេទ្យស្រុកណងយ៉ៃ ខេត្តឈុនបុរី តែម្តង៕ សំ វិច្ឆិកា