ព័ត៌មានទាន់ហេតុការណ៍៖

ផ្តន្ទា​ទោស​​បុរស​ចំណាស់​ម្នាក់​​ដាក់​ពន្ធនាគារ​៥ឆ្នាំ​ដដែល​ ករណី​ក្លែង​ ស.ជ.ណ​ ឲ្យ​ជនបរទេស​ចូល​សញ្ជាតិ​ខ្មែរ​

ចែករំលែក៖

ភ្នំពេញ: ចៅក្រមសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសបុរសចំណាស់ម្នាក់ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំតែអនុវត្តក្នុងពន្ធនាគារ២ឆ្នាំ ករណីក្លែង ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរត់ការឲ្យជនបរទេសបានចូលជាសញ្ជាតិខ្មែរ តែមិនបានសម្រេច ។

អនុប្រធានសាលាឧទ្ធរណ៍ លោកចៅក្រម សេង ស៊ីវុត្ថា សម្រេចបែបនេះ កាលពីរសៀលថ្ងៃ២៣ ខែមករា ឆ្នាំ២០១៧ ដោយទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងសាទុក្ខតាមកំណត់ច្បាប់ ។ ក្រោយការសម្រេចនេះ ជនជាប់ចោទពុំបានអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាន នោះ ទេ ។ បុរសរូបឈ្មោះ ឆេង ភិរម្យ អាយុ៥៤ឆ្នាំ ។

ក្នុងពេលសវនាការ កន្លងមក ឈ្មោះ ឆេង ភិរម្យ សារភាពថា បានស្គាល់ដើមបណ្ដឹងតាមរយៈ ឈ្មោះ ឃឹម សុជាតិ ដែលជាសាក្សី ក្នុងសំណុំរឿងនេះ បន្ទាប់មកដើមបណ្ដឹងបានពឹងពាក់គាត់ ឲ្យជួយរត់ការចូលជា សញ្ជាតិខ្មែរ ឲ្យមិត្តភក្ដិរបស់ដើមបណ្ដឹង ដែលមានសញ្ជាតិចិនកាត់ម៉ាឡេស៊ី ដោយបានប្រគល់លុយ សម្រាប់រត់ការ ចំនួន១មឺុន៧ពាន់ដុល្លារ ហើយគាត់បានអោយលុយនោះបន្តទៅ ឲ្យឈ្មោះ ជា រ័ត្ន ដោយ ឈ្មោះជា រ័ត្ន បានសន្យាថា រយៈពេល១ខែ និងប្រគល់ សជណ ពាក់ព័ន្ធនឹងការចូលជាសញ្ជាតិខ្មែរឲ្យ។

លោក គឹម សុគន្ធា ជាដើមបណ្ដឹង ធ្លាប់បានឲ្យដឹងថា ឈ្មោះ ឆេង ភិរម្យនិងឈ្មោះជា រ័ត្ន បានប្រគល់ សជណ ពាក់ព័ន្ធនឹងការប្តូរសញ្ជាតិនោះ គឺគ្រាន់តែជាលិខិតមួយមានអក្សរសខ្មៅប៉ុណ្ណោះ ហើយគាត់បានសុំឲ្យជនជាប់ ចោទឆេង ភិរម្យ និងឈ្មោះជា រ័ត្ន ប្រគល់លិខិត សជណ ជាលិខិត ព្រីនជាកូល័រ ឲ្យបានត្រឹមត្រូវ ដើម្បីយកទៅ ឲ្យមិត្តភក្ដិដែលមានសញ្ជាតិចិនកាត់ ម៉ាឡេស៊ី ។ ប៉ុន្តែ ឈ្មោះជា រ័ត្ន ដែលជាអ្នករត់ការក្នុងសំណុំរឿងនេះ ចេះតែឲ្យដើមបណ្ដឹងរងចាំ ម្តងជាពីរដង ។

លុះមួយខែក្រោយមកឈ្មោះជា រ័ត្ន បានបិទទូរស័ព្ទ ហើយដើម បណ្ដឹងចេះតែទាក់ទងមិនចូល ទើបខ្លួនសង្ស័យថា សជណ ដែលជនជាប់ចោទ និងឈ្មោះជា រ័ត្ន ឲ្យជា សជណ ក្លែងក្លាយ រួចដើមបណ្ដឹងបានយក សជណ នោះ ទៅផ្ទៀងផ្ទាត់ជាមួយនិងមន្ត្រីពាក់ព័ន្ធ ហើយមិនមាន សជណ នោះ នៅក្នុងបញ្ជីឡើយ ទើបដើមបណ្ដឹង ប្តឹងទៅសមត្ថកិច្ច បានឃាត់ខ្លួនជនជាប់ចោទឈ្មោះឆេង ភិរម្យ ហើយឈ្មោះ ជា រ័ត្ន បានរត់គេចខ្លួនមកដល់បច្ចុប្បន្ន ៕ ចេស្តា

កោ


ចែករំលែក៖