ព័ត៌មានទាន់ហេតុការណ៍៖

លោក ព្រំ ម៉ាញ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿង ចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តរតនគីរី ផ្ទុកមនុស្ស១៣នាក់ មិនបានប្រយ័ត្ន វាក់នឹងម៉ូតូមន្ត្រីនគបាលបត់ចេញស្របទិសគ្នាគេចមិនផុត ក៏បុកពេញទំហឹង បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទឹកស្រះ ធ្វើឱ្យអ្នកបើកបរម៉ូតូ និងតៃកង់រថយន្ត និងស្រ្តីម្នាក់រួមដំណើរបានស្លាប់ភ្លាមៗ និងច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះបង្គោលលេខ៥០២ និងលេខ៥០៣ ស្ថិតក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

លោក ឡត ម៉ារ៉ន ហៅអ៊ុយ មេប៉ុស្តិ៍ក្បាលរមាសបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះសាវ ម៉ក់ ភេទ ប្រុស អាយុជាង៥០ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង, ២ ស្ត្រីម្នាក់រួមដំណើរ ឈ្មោះលឿង ណារី អាយុ៥២ឆ្នាំ ស្លាប់ មានទីលំនៅភូមិអូរតាតិល ឃុំរតនគិរី ស្រុករតនគិរី ខេត្តរតនគីរី និង៣ អ្នកបើកបរម៉ូតូឈ្មោះ ព្រំ ម៉ាញ ភេទ ប្រុស អាយុ៥៣ឆ្នាំ (ស្លាប់) ជាមន្ត្រីប៉ូលីសប្រចាំការនៅភូមិក្បាលរមាស ក្នុងស្រុកសេសាន ។ ចំណែកមនុស្សជិះក្នុង រថយន្ត ជាច្រើននាក់ទៀតរបួសស្រាល ។

លោកបន្តឱ្យដឹងទៀតថា រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q 3923 ដឹកអ្នកដំណើរបានចេញពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគីរី ផ្ទុកមនុស្សចំនួន១៣នាក់ ស្រី៦ ប្រុស៨នាក់ ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូងស្របគ្នា ខណៈកំពុងបើកបរ ក៏មានម៉ូតូស្មាស ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយមន្ត្រីប៉ូលីសខាងលើ បានបត់ចេញមកក្រៅ ស្របទិសគ្នា ធ្វើឱ្យរថយន្តគេចមិនទាន់ បានបុកពេញទំហឹងធ្វើឱ្យអ្នកជិះម៉ូតូឈ្មោះ ព្រំ ម៉ាញ ស្លាប់ភ្លាមៗ ចំណែករថយន្តបានធ្លាក់ទៅក្នុងប្រឡាយទឹក ស្លាប់អ្នកបើកបរ និងស្ត្រីរួមដំណើរម្នាក់នៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើជាច្រើននាក់ត្រូវរងរបួសធ្ងន់ និងស្រាលត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុ នគរបាលចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុ វាស់វែងយកម៉ូតូ និងរថយន្តមកកាន់ការិយាល័យចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ ចំណែកសាកសពទាំង៣នាក់ ត្រូវបានធ្វើកំណត់ហេតុ រួចប្រគល់ឱ្យក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ៕ មាស សុផាត

6 5 4 3

នគរបាលឈ្មោះព្រំ ម៉ាញ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ2 1


ចែករំលែក៖