ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដហាយឡែនឌ័រមួយគ្រឿង មិនប្រយ័ត្នជ្រុលបុករថយន្ដហុីយ៉ានដាយដឹកទំនិញធុនធំ ដែលកំពុងបត់ស្ដាំចំពាក់កណ្ដាលរថយន្ដបណ្ដាលអោយរងការខូចខាតរថយន្ដមួយចំហៀងមុខ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងនឹងផ្លូវដួងងៀប ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តហុីយ៉ានដាយ ធុនធំមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 4A-1255 បើកបើកចេញពីផ្លូវដួងលាបបត់ស្ដាំឡើងមកវេងស្រេង។
ប្រភពបានបន្តថា ពេលដែលរថយន្ដកំពុងតែបត់ ស្រាប់តែមានរថយន្ដហាយឡែនឌ័រមួយគ្រឿងពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចមិនប្រយ័ត្ន ក៏ជ្រុលបុករថយន្ដហុីយ៉ានដាយដែលកំពុងបត់ចំពាក់កណ្ដាលរថយន្ដបណ្ដាលអោយរថយន្ដហាយឡែនឌ័ររងការខូចខាតក្បាលរថយន្ដមួយចំហៀងមុខផ្នែកខាងស្ដាំ តែមិនបណ្ដាលអោយម្ចាស់រថយន្ដរងរបួសនោះទេ។
ក្រោយកើតហេតុតៃកុងរថយន្ដហុីយ៉ានដាយបើកទ្វាររថយន្ដចុះគេចខ្លួនបាត់ ក្រោយមកទើបមានតំណាងមកដោះស្រាយជាមួយម្ចាស់រថយន្ដហាយឡែនឌ័រ ដោយមិនចង់មានរឿងវែងឆ្ងាយទើបខាងតំណាងរថយន្ដហុីយ៉ានព្រមសងសំណងទៅអោយម្ចាស់រថយន្ដហាយឡែនឌ័រចំនួន500$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ ភារ៉ា ដង្កោ