ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រចុះពិនិត្យបទល្មើសនៅលើផ្ទៃបឹងទន្លេសាប បន្ទាប់ពីមានបាតុភាពផ្ទុះអំពើហិង្សារវាងសមត្ថកិច្ចបង្រ្កាបបទល្មើសជាមួយក្រុមអ្នកនេសាទល្មើសច្បាប់នៅលើផ្ទៃបឹងទន្លេសាបកាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ។
អមដំណើរសម្តេចក្រឡាហោមនា ពេលនោះមានលោក វេង សាខុន រដ្ឋ មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ និងជាប្រធានគណៈកម្មការបង្រ្កាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ និងជាអនុប្រធាន គណៈកម្មការបង្រ្កាប និងទប់ស្កាត់បទល្មើស លើផ្ទៃបឹងទន្លេសាបរួមនឹងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត ។
លោក វេង សាខុន បានថ្លែងថា នៅយប់ ថ្ងៃទី២៤ ខែមករានោះពិតជាមានការប៉ះ ទង្គិចគ្នារវាងកងកម្លាំងសមត្ថកិច្ចបង្រ្កាប បទល្មើសនៅលើផ្ទៃបឹងទន្លេសាបជាមួយក្រុមប្រព្រឹត្តបទល្មើសនេសាទ ហើយក៏បាន ឃាត់ខ្លួនមនុស្សមួយចំនួនផងដែរ ។
រាជរដ្ឋាភិបាលកម្ពុជាកាលពីខែធ្នូ ឆ្នាំ ២០១៦ បានសម្រេចបង្កើតគណៈកម្មការបង្រ្កាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹង ទន្លេសាបដោយមានសមាសភាពមកពីគ្រប់ ក្រសួងពាក់ព័ន្ធក្នុងបំណងបង្រ្កាប និងទប់ស្កាត់បទល្មើសនៅលើផ្ទៃបឹងទន្លេសាបឲ្យមានប្រសិទ្ធភាពខ្ពស់ ។
បន្ទាប់ពីគណៈកម្មការនេះលេចចេញជា រូបរាងនៅដើមខែមករា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចអន្តរក្រសួងរួមជាមួយ កម្លាំងសមត្ថកិច្ចខេត្តបាននិងកំពុងធ្វើសកម្មភាពយ៉ាងក្តៅគគុកបើកប្រតិបត្តិការបង្រ្កាប បទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប។ មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧មានបទល្មើសជាច្រើនករណីត្រូវបានបង្រ្កាប ហើយអ្នកប្រព្រឹត្តបទល្មើសជាច្រើននាក់ក៏ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ផងដែរ ។
យោងតាមរបាយការណ៍របស់សមត្ថ កិច្ចគ្រាន់តែព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ ក្រុមការងារគណៈកម្មការបង្រ្កាប និងទប់ស្កាត់បទល្មើសនេសាទនៅបឹង ទន្លេសាបបានចុះបង្ក្រាបបទល្មើសនេសាទ អួនអូសហ៊ុមនៅចំណុចក្បាលជ្រោយរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្ដពោធិ៍ សាត់បានចំនួន៧វង់ឃាត់ខ្លួនជនសង្ស័យ៣៤នាក់ និងកាណូត២០គ្រឿង។
សម្តេចក្រឡាហោម ស ខេង ធ្លាប់បានព្រមានទៅដល់ថ្នាក់ដឹកនាំខេត្តជុំវិញបឹង ទន្លេសាបមិនត្រូវពាក់ព័ន្ធជាមួយការប្រព្រឹត្ត បទល្មើសនេសាទនោះឡើយ បើសម្តេច រកឃើញនឹងត្រូវដកហូតតំណែង។ សម្តេច បានប្រកាសទៀតថា សម្តេចនឹងឧស្សាហ៍ធ្វើដំណើរតាមឧទ្ធម្ភាគចក្រដើម្បីពិនិត្យ បទល្មើសលើផ្ទៃបឹងទន្លេសាបនេះ ។
ក្រោយបញ្ចប់បេសកកម្មនេះលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា តាម ការពិនិត្យបទល្មើសមានច្រើននៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។ បទល្មើសទាំង នោះអាចនិយាយថា ដោយសារកម្លាំង សមត្ថកិច្ចនៅមានចំនួនតិចតួចទើបមិន អាចបង្ក្រាបបានទាំងអស់ ។
ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបង្ហើបថា អភិបាលខេត្តទាំង២នឹងត្រូវកោះហៅមកសួរនាំពាក់ព័ន្ធនឹងបទល្មើសនេសាទដែលនៅតែកើតមានច្រើននោះ៕ ហេង សូរិយា