ខេត្តព្រៃវែង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីកាច់កម៉ូតូមិនបានសម្រេចកាលពីម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងវិទ្យាល័យហ៊ុនសែន កំពង់ពពិល ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ ធឿន ដារ៉ា រស់នៅភូមិបឹងស្នោ ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
រីឯម្ចាស់ម៉ូតូដែលរងគ្រោះមានឈ្មោះ សឿន សុភណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិពោធិ៍ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ជាគ្រូបង្រៀន និងម្ចាស់ម៉ូតូទី២ឈ្មោះ ជា សុចេង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាគ្រូបង្រៀននៅសាលាខាងលើទាំង២នាក់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានចូលបន្លំក្នុងសាលារៀន ខណៈគ្រូកំពុងបង្រៀនសិស្ស និងដោយមានសភាពស្ងាត់ផងនោះ ជនសង្ស័យ ក៏បានយកដែករឹង មកបុកទម្លុះគំរបសោម៉ូតូ ក្រោយមកជនសង្ស័យបានដេបញ្ឆេះ តែម៉ូតូមិនឆេះហេីយខណៈនោះ ក៏បុកទម្លុះគំរបសោម៉ូតូមួយគ្រឿងទៀត ដែលទុកជិតគ្នា តែដេមិនឆេះដូចគ្នា ទើបដើរចេញហើយក៏ត្រូវគ្រូៗឃើញ ក៏បានស្រែកហៅ និងឃាត់ខ្លួនបានតែម្ដង ចំណែកម៉ូតូទាំង២គ្រឿងនោះបានរងនូវការខូចខាតគំរបសោ ហើយសុទ្ធតែម៉ូតូ C125 សេរីថ្មីរបស់គ្រូបង្រៀនទាំង២នាក់។
បន្ទាប់មក លោកគ្រូនៅសាលាខាងលេីបានប្រគល់ជនសង្សយ័ខាងលេីឲ្យទៅសមត្ថកិច្ចមូលដ្ឋានចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន