ភ្នំពេញ៖ កម្ពុជានឹងបើកឲ្យមានការបណ្តុះបណ្តាលភ្នាក់ងារអចនលទ្រព្យបន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យCentury’s 21 Cambodia និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីព្រឹកថ្ងៃទី២៥ខែមករាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា(MoU) ដើម្បីរួមគ្នាធ្វើការបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យដែលទទួលបានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាលកម្ពុជា។នេះជាវគ្គបណ្តុះបណ្តាលលើកដំបូងនៅកម្ពុជាដែលប្រើប្រាស់ពេលវេលាត្រឹមតែ៣៦ម៉ោង។
លោកគុយវ៉ាតអគ្គនាយកនិងជានាយកប្រតិបត្តិក្រុមហ៊ុនCentury’s 21 Cambodia បានថ្លែងថាក្រុមហ៊ុននិងភ្នាក់ងារអចលនទ្រព្យក្នុងប្រទេសកម្ពុជានឹងទទួលបាននូវចំណេះដឹងពិតៗពោរពេញទៅដោយវិជ្ជាជីវៈសម្រាប់ប្រកួតប្រជែងជាមួយដៃគូក្នុងប្រទេសអាស៊ាននិងក្នុងតំបន់ខណៈវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងមានភាពរីចម្រើន។ […ទស្សនវិស័យនិងគោលដៅរួមធំគឺរួមគ្នាបង្កើនស្តង់ដារនិងវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាតាមរយៈការអប់រំនិងវគ្គបណ្តុះបណ្តាលព្រមទាំងឈានទៅដល់ការផ្តល់អាជ្ញាបណ្ណទៅឲ្យក្រុមហ៊ុននិងភ្នាក់ងារអចលនទ្រព្យដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ…]។លោកបន្តថាភ្នាក់ងារអចលនទ្រព្យដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈច្បាស់លាស់ក៏ដូចជាចំណេះដឹងពិតប្រាកនឹងផ្តល់នូវសេវាកម្មជូនដល់អតិថិជនត្រឹមត្រូវ។
លោកជួនរតនៈសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថាការរួមគ្នានេះគឺដើម្បីជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជានៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។លោកបញ្ជាក់ថា«វិស័យអចលនទ្រព្យគឺជាផ្នែកមួយដែលជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។ដូច្នេះហើយវាទាមទារឲ្យមានការបណ្តុះបណ្តាលដល់ភ្នាក់ងារឲ្យចេះនូវជំនាញនេះពិតប្រាកដព្រោះកន្លងមកនេះគឺយើងចេះតែធ្វើនិងអនុវត្តតៗគ្នាប៉ុណ្ណោះ»។
លោកម៉ីវ៉ាន់អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុលើកទឹកចិត្តដល់ដៃគូទាំងពីររួមគ្នាអនុវត្តកិច្ចព្រមព្រៀងនេះឲ្យទទួលបានលទ្ធផលគាប់ប្រសើរ។ […ខ្ញុំសូមឲ្យគូស្នេហ៍ទាំងពីរចាប់ដៃគ្នាដោយជួយគ្នាទៅវិញទៅមកដើម្បីឲ្យអាជីពរបស់ភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាទទួលបាននូវទំនុកចិត្តពីអ្នកវិនិយោគពិសេសវិនិយោគិនពីបរទេស…]។លោកបន្តថាអ្នកកាន់អាជ្ញាបណ្ណជាភ្នាក់ងារអចលនទ្រព្យត្រូវតែចេះជំនាញមួយពិតប្រាកដនិងត្រូវផ្តល់នូវភាពសុចរិតក្នុងប្រតិបត្តិការទិញ-លក់និងជួលអចលនទ្រព្យ។
លោកចេងខេងប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជាថ្លែងថាគុណតម្លៃនិងសារៈសំខាន់នៃការផ្តួចផ្តើមវគ្គបណ្តុះបណ្តាលនេះជាចំណុចវិជ្ជមានក្នុងវិស័យអចលនទ្រព្យកម្ពុជា។លោកជឿជាក់ថាទស្សនៈវិស័យនេះនឹងទាក់ទាញបាននូវវិនិយោគទុនពីបរទេសមកកាន់តែច្រើនឡើង។
តាមច្បាប់បើចំពោះភ្នាក់ងារដែលមិនគោរពតាមក្រមសីលធម៌និងវិន័យនឹងមានការពិន័យនិងអាចឈានទៅដល់ការដកហូតអាជ្ញាបណ្ណជាភ្នាក់ងារអចលនទ្រព្យ។
អ្នកស្រីគ្រីសរចនីហ្វុងនាយិកាក្រុមហ៊ុនCentury’s 21 Cambodia ថ្លែងថា«យើងចង់បានបំផុតគឺការពង្រឹងសមត្ថភាពដល់ភ្នាក់ងារអចលនទ្រព្យឲ្យឈានដល់កម្រិតសមត្ថភាពខ្ពស់មួយមានឥរិយាបទល្អត្រឹមត្រូវមានចំណេះដឹងនិងជំនាញដើម្បីប្រកួតប្រជែងយ៉ាងមានប្រសិទ្ធភាពនិងប្រកបដោយមោទនភាពជំនាញវិជ្ជាជីវៈដែលអាចឈានទៅប្រកួតជាមួយភ្នាក់ងារពូកែៗនៅក្នុងទីផ្សារអាស៊ាននិងបណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដូចជា៖ហុងកុងជប៉ុនតៃវ៉ាន់អូស្ត្រាលីជាដើម»៕ វឌ្ឍនា