ភ្នំពេញ ៖ ក្រុមឃាតកដៃឆៅដែលបាញ់បុរសម្នាក់ នៅម្តុំផ្សារសុវណ្ណា បណ្តាលឲ្យស្លាប់ចោលគូដណ្តឹង ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនពីរនាក់ និងកំពុងតាមប្រមាញ់បក្ខពួកមួយចំនួនទៀត ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន កាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយដកហូតបាន អាវុធ៣ដើម (M16កាត់០១ដើម,ម៉ាក Bareta ចំនួន០១ដើម និងមួយដើមទៀត ប្រភេទអាវុធខ្លី មិនស្គាល់ម៉ាក)។ សមត្ថកិច្ចបន្តថា ជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អ៊ុ សួស្ដី ហៅ ពៅក្បាលធំ និងម្នាក់ទៀតឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត ។
នៅមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើការបាញ់ប្រហារមកលើជនរងគ្រោះចំនួន ៥គ្រាប់ ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ មានករណីតាមប្លន់ដល់មុខផ្ទះ ស្ថិតនៅក្បែរសុវណ្ណា ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីប្លន់នេះ ក្រុមជនសង្ស័យដែលមានគ្នា៣នាក់ បានប្រតាយប្រតប់យកកាបូប ហើយបាញ់បុរសម្នាក់ ដែលព្យាយាមបើកឡានបុកពួកគេ(ពួកចោរ)បណ្តាលឲ្យស្លាប់ម្នាក់ ខណៈដែលនារី២នាក់ទៀត ត្រូវជនសង្ស័យទាត់ធាក់ ឲ្យរងរបួសធ្ងន់ ស្រាលផងដែរ ៕