ខេត្តព្រះសីហនុ ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រ គ្រឹះស្នា បានមានប្រសាសន៍ឲ្យដឹងថានៅ ក្នុងរយៈពេលចូលឆ្នាំថ្មីប្រពៃណីចិន-វៀត ណាមរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ ខែមករាឆ្នាំ២០១៧នៅខេត្តព្រះសីហនុ នៅតាមតំបន់រមណីយដ្ឋានភោជនីយដ្ឋានដែលជាកន្លែងកម្សាន្តនានា នៅក្នុងខេត្ត ព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន៨៣.០០០នាក់កើនឡើង ១២,១៦ភាគរយបើធៀបនឹងរយៈពេល៣ថ្ងៃនាឆ្នាំ២០១៦ (ឆ្នាំ២០១៦ប្រមាណតែ ៧៤.០០០នាក់)ដោយថ្ងៃទី២៧ ខែមករា ប្រមាណ១៦.០០០នាក់ -ថ្ងៃទី២៨ខែមករា ប្រមាណ២៧.០០០នាក់ -ថ្ងៃទី២៩ខែ មករាប្រមាណ៤០.០០០នាក់ ដែលតួលេខនេះអាចបញ្ជាក់ឲ្យឃើញថា ចំនួន ភ្ញៀវទេសចរជាតិ អន្តរជាតិ មានការកើន ឡើងជាងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន – វៀតណាម ក្នុងឆ្នាំ២០១៦កន្លងមក ។
លោក តាំង សុចិត្រគ្រឹះស្នា បានបញ្ជាក់ ឲ្យដឹងទៀតថា ភ្ញៀវទេសចរនៅតែបន្ត ធ្វើដំណើរចូលមកកម្សាន្តនៅខេត្តព្រះ សីហនុជាបន្តបន្ទាប់ ដោយហេតុថា រដូវ នេះជារដូវក្តៅ និងចំពេលដែលជាថ្ងៃចុង សប្តាហ៍ ហើយក៏ជួនពេលដែលបុណ្យ ចូលឆ្នាំប្រពៃណីចិន-វៀតណាមបានឈាន ចូលមកដល់ផងដែរ ដែលបង្កលក្ខណៈ ឲ្យភ្ញៀវទេសចរជាតិ- អន្តរជាតិរួមដំណើរជាលក្ខណៈគ្រួសារបានមកមុជទឹកសមុទ្រ លេងកម្សាន្តតាមឆ្នេរសមុទ្រនិងនៅតាម តំបន់រមណីយដ្ឋានបែបធម្មជាតិនៅក្នុង ខេត្តព្រះសីហនុ ។ ជាពិសេសគឺបានទទួលទាននូវរសជាតិម្ហូបអាហារសមុទ្រ ស្រស់ៗ ដែលមានឱជារសឆ្ងាញ់ និងមានតម្លៃ សមរម្យ ។
លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹង ទៀតថា ការកើនឡើងភ្ញៀវដោយសារតែខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍តភ្ជាប់គ្នាជាមួយខេត្តកំពត និងខេត្តកែបដោយ ហេតុថាខណៈដែលភ្ញៀវទេសចរមក សម្រាកលំហែនៅខេត្តព្រះសីហនុ រួចមកពួកគេបានបន្តដំណើរទៅកម្សាន្តនៅឆ្នេរកែប រួចបន្តដំណើរទៅកម្សាន្តទស្សនីយ ភាពបែបធម្មជាតិប្លែកៗ នៅលើរមណីយ ដ្ឋានភ្នំបូកគោ ក្នុងខេត្តកំពត មុននឹងចាកចេញទៅកាន់លំនៅឋានរៀងៗខ្លួន ។
លោក តាំង សុចិត្រគ្រឹះស្នាបានបន្ថែម ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានតំបន់ ទេសចរធម្មជាតិ មានឆ្នេរខ្សាច់ដ៏សក្បុសពីធម្មជាតិមានតំបន់ទឹកធ្លាក់ក្បាលឆាយ តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មរូង នៅក្នុងស្រុកកំពង់សិលា ហើយអ្វីដែលប្រសើរ ជាងនេះទៅទៀត នោះនៅក្នុងលំហសមុទ្រ ខេត្តព្រះសីហនុ សម្បូរទៅដោយប្រជុំកោះ ដូចជាកោះសង្សារ កោះតូច នៅក្នុង សង្កាត់កោះរ៉ុង-កោះរ៉ុងសន្លឹម និងមាន ភូមិជាច្រើនទៀតនៅលើកោះ ដែលកំពុង តែត្រូវបានអភិវឌ្ឍកែលំអជារមណីយដ្ឋានទេសចរ ហើយបច្ចុប្បន្នភ្ញៀវទេសចរជាតិ-ទាំងអន្តរជាតិ បានទៅសម្រាក កម្សាន្តនៅលើកោះខាងលើយ៉ាងកុះករ ។ ម៉្យាងវិញទៀតសេវាដឹកជញ្ជូនទៅកាន់ដែនកោះ បានប្រកបដោយសុវត្ថិភាព និង មានភាពងាយស្រួលដោយប្រើពេលវេលា តែ៤០-៥០នាទីប៉ុណ្ណោះតាមរយៈការ ប្រើប្រាស់អូប័រខ្នាតធំ និងមានល្បឿនលឿន ដែលជាការផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ។
ដោយឡែកបញ្ហាសន្តិសុខ គឺមានភាពល្អប្រសើរ បើទោះបីជាមានករណីលួច ឆក់មួយចំនួនកើតឡើងពិតមែនប៉ុន្តែត្រូវ បានសមត្ថកិច្ចទាំងពីរស្ថាប័ន (នគរបាល-កងរាជអាវុធហត្ថ ) គ្រប់គ្រងនិងបង្ក្រាបបានភ្លាមៗ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និង លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។
លោកវរសេនីយ៍ឯក ព្រហ្ម ពៅ ប្រធាន ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ ថ្ងៃទី២៩ ខែមករាឆ្នាំ២០១៧ ដែល ជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀត ណាម ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣លើក លើ៤លើកបើប្រៀប ធៀបទៅនឹងឆ្នាំ២០១៦ មានការថយចុះ ចំនួន១លើក ។ នៅក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរង របួសធ្ងន់ចំនួន៦នាក់ក្នុងនោះ មានស្រី ចំនួន២នាក់ ។
ដោយឡែកសម្ភារខូចខាតមានរថយន្តចំនួន៦គ្រឿង ម៉ូតូចំនួន៤គ្រឿង ។ លោក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើបណ្តាលមកពីកត្តាបើកបរ ជែង១ករណីនិងបើកបរហួសល្បឿនកំណត់២ករណី ៕ ឆ្លាម សមុទ្រ