ខេត្តកណ្តាលៈ បុរសម្នាក់ជាអ្នកលក់ដូរនៅឃុំព្រែកតាមាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលស្រាវជ្រាវបង្រ្កាបចាប់ខ្លួន តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សច់កណ្តាលបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ថុល ចន្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ននៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនត្រូវចោទរូបនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៧០ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ជនត្រូវចោទពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ៕ស្អាងជ័យ