ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ កាលពីវេលាម៉ោង៧និង៣០នាទីព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅភូមិ ក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ សំ ថងឌី អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស នៅភូមិ ថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ។
ប្រភពបន្តថា ជនសង្ស័យបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងម្ចាស់ផ្ទះរបស់ឈ្មោះ អៀង ផល្លី ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរ មេផ្ទះ នៅភូមិ ក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខណៈដែលអោយក្មួយបង្កើត ឈ្មោះ ជា សំអន នៅចាំផ្ទះម្នាក់ឯង ។ ចំពោះទ្រព្យសម្បត្តិ និងសំភារះដែលខូចខាតរួមមាន៖ កង្ហារ, ទូរទស្សន៍ ឆ្នាំងដាំបាយអគ្គិសនី និងទូឈើដាក់ខោ អាវ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មកពីគេខឹងក្មួយម្ចាស់ផ្ទះយកកាំភ្លើងជ័របាញ់ក្មេងៗ លេង ហើយក៏ត្រូវរូបខ្លួនចំឆ្អឹងខ្នង ដែលកំពុងអង្គុយផឹកនោះចំនួន១គ្រាប់ធ្វើអោយគេខឹង ក៏ស្ទុះទៅវាយឈ្មោះ ជា សំអន ដែលជាក្មួយរបស់ម្ចាស់ផ្ទះមួយដៃត្រូវចំក្បាល ហើយក៏មានការប្រតាយប្រតប់គ្នាទៅវិញទៅមក។
ប្រភពបន្តថា ក្រោយមក ក្មួយម្ចាស់ផ្ទះ ក៏រត់ចេញពីក្នុងផ្ទះបាត់ ធ្វើអោយរូបគេខឹងរឹតតែខ្លាំង ក៏ទៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិតែម្តង ។
ក្រោយពីសាកសួរជនសង្ស័យរួច សមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន