ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៖ មុខងារ និងភារកិច្ចចំនួន២៨ នឹងត្រូវផ្ទេរទៅថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រង

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួង មហាផ្ទៃ បានបញ្ជាក់ថា ៖ ក្រសួងមហាផ្ទៃគ្រោងផ្ទេរមុខងារ និងភារកិច្ចចំនួន២៨ ដែលបច្ចុប្បន្នស្ថិតក្នុងដែនគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ជាតិ ទៅឲ្យថ្នាក់ក្រោមជាតិជាអ្នកសម្រេច និងអនុវត្តផ្ទាល់វិញ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ការផ្ទេរសិទ្ធិអំណាចមុខងារនេះ គឺជាការបែងចែកការទទួលខុសត្រូវរបស់មន្ត្រីសាធារណៈ ធ្វើសិទ្ធិសម្រេចកម្មវិធីអភិវឌ្ឍន៍នៅកម្រិតមូលដ្ឋានតាមបែបប្រជាធិបតេយ្យ។

ប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលរូបនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ក្នុងពិធីតែងតាំងលោកស្រី កែវ សុខពិសី ដែលអតីតប្រធានមន្ទីរក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចរាជធានីភ្នំពេញ ឲ្យកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ ជំនួសលោកស្រី ម៉ក់ វណ្ណស៊ីថា ដែលដល់អាយុចូលនិវត្តន៍។ ពិធីប្រកាសតំណែងជាផ្លូវការនេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានពីសំណាក់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោក ម៉ប់ សារិន ក្រុមប្រឹក្សាភិបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលរង អភិបាលខណ្ឌ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោក សក់ សេដ្ឋា បានឲ្យដឹងថា ៖ មុខងារ និងភារកិច្ចចំនួន២៨ ដែលគ្រោងទម្លាក់ឲ្យថ្នាក់ក្រោមជាតិគ្រប់គ្រង និងអនុវត្តនោះមានដូចជា៖ ការផ្ទេរមុខងារនិងធនធាន ការបែងចែកកញ្ចប់ថវិកា ការធ្វើប្លង់គោលសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន កម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងផ្តល់សេវាដឹកជញ្ជូន កម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស កម្មវិធីយេនឌ័រ ជាដើម។ លោកបញ្ជាក់ថា៖ មុខងារ និងភារកិច្ចមួយចំនួន នឹងត្រូវទម្លាក់មុនគេនៅក្នុងអំឡុងឆ្នាំនេះ និងបន្តរហូតឲ្យអស់នៅត្រឹមឆ្នាំ២០២០។

រាជធានីភ្នំពេញ នឹងត្រូវអនុវត្តកម្មវិធីនេះមុនគេ ដោយសារវាជារាជធានីមានផ្ទៃដីធំ និងមានដង់ស៊ីប្រជាជនច្រើន។
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំឯកសារលើកសំណើទៅរាជរដ្ឋាភិបាល ដើម្បីបែងចែកការទទួលខុសត្រូវទាំងនេះឲ្យទៅថ្នាក់ខណ្ឌ សង្កាត់ ជាអ្នកអនុវត្តផ្ទាល់ ។

កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាល បានផ្ទេរអំណាច និងភារកិច្ច តាមរយៈការទម្លាក់ថវិកាជាតិ ចំនួន៥លានដុល្លារអាម៉េរិក ទៅឲ្យរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ នៅទាំងប្រទេស ជាអ្នកសម្រេច និង អនុវត្តកម្មវិធីគ្រប់គ្រង និងប្រមូលកាកសំរាម សំណល់រឹង និងរាវចេញក្នុងទីប្រជុំជន ដើម្បីជា ប្រយោជន៍ធ្វើឲ្យបរិស្ថាន និងអនាម័យមានភាពប្រសើរឡើង៕ សំរិត

ស2 ស1 ស4 ស5 ស6


ចែករំលែក៖