ព័ត៌មានទាន់ហេតុការណ៍៖

ដើមឈើព្រៃលិចទឹកធំៗតាមតំបន់មួយចំនួនរងការកាប់បំផ្លាញយកមកធ្វើឱសលក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ដើមឈើព្រៃលិចទឹកជាច្រើនប្រភេទ ត្រូវបានគេមើលឃើញថា បានរងនូវការកាប់បំផ្លាញសឹងរាល់ឆ្នាំក្នុងពេលដែលទឹកចាប់ផ្តើមស្រកនោះ ដើមឈើព្រៃលិចទឹកនេះ ត្រូវបានគេកាប់យកមកធ្វើអុសវាស់ម៉ែត្រលក់ ។

គេសង្កេតឃើញអុសប្រភេទដើមឈើព្រៃលិចទឹកនេះ ច្រើនដាក់លក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលនៅចំណុចនេះគឺជាចំណុចស្តុកទុកជាច្រើនសម្រាប់លក់ទៅអោយអតិថិជន ។

អុសព្រៃលិចទឹកទាំងនេះភាគច្រើនត្រូវបានអ្នកចំការកាប់ដឹកយកមកលក់និងមួយចំនួនទៀតត្រូវបានថៅកែអុសចុះទៅទិញតាមចំការនៅតាមទន្លេ យកមកអង្កន់លក់ជារៀងរាល់ឆ្នាំ។ ចំពោះដើមឈើព្រៃលិចទឹកខាងលើនេះ មួយចំនួនត្រូវបានគេកាប់រានពង្រីកដីចំការ និងមួយចំនួនទៀតត្រូវបានគេក្រៀវអោយងាប់ពង្រីកយកដីធ្វើចំការ ហើយយកដើមឈើទាំងនោះមកលក់ធ្វើជាអុសដុត។

ប្រភពពីប្រជាពលរដ្ឋនៅតំបន់ដែលលក់អុសព្រៃលិចទឹកបានអោយដឹងថា កម្មករដែលស៊ីឈ្នួលអារអុសទាំងនេះ គឺ១ម៉ែត្រគូបបានប្រមាណពី២៥០០រៀល ទៅ៣០០០រៀល ហើយអុសដែលលក់ចេញមួយម៉ែត្រគូបពីជាង១ម៉ឺនរៀល ទៅ២ម៉ឺនរៀល តាមប្រភេទអុស ។

ប្រជាពលរដ្ឋបានប្រាប់ទៀតថា នៅកន្លែងដែលជាស្តុកអុសព្រៃលិចទឹកនេះ ឃើញមានសមត្ថកិច្ចពាក់ព័ន្ទទៅដែរ ប៉ុន្តែគ្រាន់តែទៅមើលបន្តិចបន្តួច ឬ ក្រវែលលិចកើត ហើយជួបនិងថៅកែលក់អុសរួចក៍ត្រឡប់ទៅវិញអស់ទៅ ដោយពួកគេមិនដឹងថា សមត្ថកិច្ចពាក់ព័ន្ធទាំងនេះមកជួបថៅកែអុសដើម្បីអ្វីនោះទេ ហើយអុសព្រៃលិចទឹកដែលភាគច្រើនជាប្រភេទដើមរាំង ដើមច្រកែង និង តាសេក ។

ករណីនេះមជ្ឈដ្ឋាននានាបានស្នើអោយ មន្ត្រីអាជ្ញាខេត្ត មេត្តាជួយពិនិត្យមើលផង និង ជួយទប់ស្កាត់កុំអោយមានការកាប់ព្រៃឈើលិចទឹកបន្តទៀត ព្រោះថាព្រៃលិចទឹកមានសារៈសំខាន់ចាំបាច់ណាស់ សម្រាប់ធនធានជលផល ។

ករណីនេះលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានប្រាប់ថា លោកពុំបានដឹងនោះទេ ប៉ុន្តែទោះជាយ៉ាងណាលោកនឹងចូលរួមទប់ស្កាត់ ហើយនឹងចាត់អោយមន្រ្តីជំនាញចុះទៅពិនិត្យមើល ៕ ចន្ថា

unnamed (4) unnamed (3)


ចែករំលែក៖