ព័ត៌មានទាន់ហេតុការណ៍៖

ខូចខាតអស់ជិត៣ម៉ឺនដុល្លារ ករណីភ្លើងឆេះតូបលក់ខោអាវនៅស្រុកសៀមប៉ាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង‌ៈ កាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ អគ្គីភ័យ‌បានឆេះតូបអ្នកលក់ខោអាវមួយកន្លែង នៅត្រង់‌ចំណុចមុខសាលាស្រុកចាស់ ស្ថិតនៅ‌ភូមិសៀមប៉ាង ឃំុសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បណ្តាលឲ្យខូចខាតគិតជាលុយសរុបជិត៣ម៉ឺនដុល្លារ ។

នៅជំុវិញក្នុងរឿងករណីឆេះតូបលក់ខោអាវនេះដែរ លោក សៀន សុខុម អធិការស្តីទី ស្រុកសៀមប៉ាង បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ថា ម្ចាស់លក់ខោអាវ មានឈ្មោះគែម វ៉ាន់ធី ភេទប្រុស‌ អាយុ២ឆ្នាំ ‌រស់នៅបណ្តោះអាសន្នក្នុងភូមិឃំុកើតហេតុខាងលើ ។

ក្រោយពីបានដឹងព័ត៌មានថាមានករណីអគ្គីភ័យបានឆាបឆេះតូបលក់ខោអាវខាងលើនោះ កម្លាំងជំនាញពន្លត់អគ្គីភ័យរបស់អធិការស្រុកសៀមប៉ាង បានយករថយន្តពន្លត់អគ្គីភ័យទៅដល់កន្លែងកើតហេតុ ហើយបានជួយធ្វើការបាញ់ពន្លត់ឲ្យរលត់ស្ងប់អស់ទៅវិញ ប៉ុន្តែ‌ភ្លើងបានឆេះខោអាវ និងតូបលក់អស់ទៅហើយ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចសង្ស័យបណ្តាលមកភ្លើងធូប បើពុំដូច្នោះគឺភ្លើងកន្ទុយបារី ដែលគេបោះចោល ។

លោកបន្ថែមថា តូបដែលឆេះនោះមានទំហំ៤ម៉ែត្រគុណ២ម៉ែត្រខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល៣មឺុនដុល្លារ ។ ពេលដែលភ្លើងកំពុងតែឆេះនោះមិនមានអ្នកណានៅនោះទេ ម្ចាស់តូបខាងលើនោះគឺឡើងទៅទិញអីវ៉ាន់នៅភ្នំពេញ ។ រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១គ្រឿង បានអន្តរាគមន៍ និងមិនបណ្តាលគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

សូមបញ្ជាក់ថា នៅក្នុងករណីអគ្គីភ័យឆេះតូបរបស់អ្នកលក់ខោអាវអស់ខាងលើនោះ គឺសមត្ថកិច្ចប៉ូលិសអធិការស្រុកសៀមប៉ាង និងបន្តតាមដានស្រាវជ្រាវរកមូលហេតុបន្តទៀត ដើម្បីបញ្ជាក់ឲ្យបានដឹងពីការពិត ៕ មាស សុផាត

stres (1) stres (2) stres (3) stres (4) stres (5)


ចែករំលែក៖