កាលពីថ្ងៃទី៣ ខែកុម្ភៈ កូរ៉េខាងជើង បានព្រមានទៅលើការសន្យារបស់អាមេ រិកនិងកូរ៉េខាងត្បូងក្នុងការដាក់ពង្រាយ ប្រព័ន្ធការពារកាំជ្រួចមីស៊ីលថ្មីគឺជាការជំរុញ ឲ្យឧបទ្វីបកូរ៉េឆ្ពោះទៅរកសង្គ្រាមបរមាណូ។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្តល់ព័ត៌មានដល់គណៈកម្មាធិការ សន្តិភាពជាតិកូរ៉េខាងត្បូងថា ការដាក់ប្រព័ន្ធ ការពារមីស៊ីលគឺជាគម្រោងរបស់ទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូលធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង ហើយនោះជា សកម្មភាពដើម្បីវាយប្រហារទៅលើកូរ៉េ ខាងជើងតែប៉ុណ្ណោះ។
ការប្រកាសខាងលើកើតឡើងក្រោយពេលមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis ទៅកាន់កូរ៉េខាងត្បូង។ នៅទីនោះរដ្ឋមន្ត្រីការពារជាតិអាមេរិកបានសន្យាថា នឹងដាក់ ពង្រាយប្រព័ន្ធមីស៊ីលការពារដ៏ទំនើបបំផុត ប្រភេទ THAAD ដើម្បីការពារទាហានអាមេរិកនៅទីនោះ។
លោក James Mattis ក៏បានព្រមានកូរ៉េ ខាងជើងថា ព្យុងយ៉ាងនឹងប្រឈមមុខនឹងការឆ្លើយតបដ៏មានប្រសិទ្ធភាព និងលើស លប់ត្រឡប់មកវិញ ប្រសិនបើវាហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ប្រមុខការពារជាតិអាមេរិកដែលបច្ចុប្បន្នកំពុងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងបាន និយាយថា កូរ៉េខាងជើងនៅតែបន្តបាញ់មីស៊ីលអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរព្រមទាំងពាក់ព័ន្ធក្នុងការប្រើប្រាស់វោហារសាស្ត្រ និងអាកប្បកិរិយាគំរាមកំហែង ហើយការ វាយប្រហារណាមួយទៅលើសហរដ្ឋអាមេ រិកឬសម្ពន្ធមិត្តសហរដ្ឋអាមេរិកឬក៏ការប្រើអាវុធនុយក្លេអ៊ែរណាមួយវានឹងបានជួបជាមួយនឹងការឆ្លើយតបមកវិញដ៏លើសលប់ មិនខាន។
គួរបញ្ជាក់ផងដែរថា សូម្បីមន្ទីរបញ្ច កោណក៏ធ្លាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនៅតែមានគោលជំហរដ៏មុតមាំនៅក្នុងការប្តេជ្ញាមិនផ្លាស់ប្តូរក្នុងកិច្ចការពារកូរ៉េខាងត្បូងដែលជាសម្ពន្ធមិត្តរបស់ខ្លួន។
តាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក James Mattis បាន គុសបញ្ជាក់ការប្ដេជ្ញាផ្នែកសន្ដិសុខទៅ កាន់ទីក្រុងសេអ៊ូលជាថ្មី និងបានប្ដេជ្ញាធ្វើ ការឆ្លើយតបយ៉ាងលើសលប់ឬក៏ចាំបាច់ត្រូវផ្ដួលតែម្ដង ប្រសិនបើប្រទេសផ្ដាច់ការកូរ៉េខាងជើងនៅតែគឃ្លើនប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអាមេរិក ព្រមទាំង សម្ពន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួននោះ។
រដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា “កិច្ចប្ដេជ្ញារបស់អាមេរិកគឺដើម្បីការពារ សម្ពន្ធមិត្តរបស់យើង និងពង្រីកបន្ថែមនូវការការពាររបស់យើងការវាយប្រហារទាំង ឡាយណាមកលើអាមេរិកឬក៏សម្ពន្ធមិត្ត របស់យើងនឹងត្រូវបានផ្ដួលរំលំ ហើយរាល់ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនឹងត្រូវបានទទួលការឆ្លើយតបមួយដែលមានប្រសិទ្ធភាពយ៉ាងលើសលប់”។
ការលើកឡើងរបស់រដ្ឋមន្រ្ដីការបរទេស អាមេរិករូបនេះធ្វើឡើងក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានខ្លីរយៈពេល៥នាទីមុន ពេលដែលរូបលោកបានចាប់ផ្ដើមពិភាក្សាជាមួយនឹងរដ្ឋមន្រ្តីការពារជាតិកូរ៉េ ខាងត្បូង លោក Han Min-koo ដែលបានចាប់ផ្ដើម ឡើងនៅម៉ោង៩និង៤០នាទីព្រឹកថ្ងៃសុក្រនេះដើម្បីពិភាក្សាស្វែងរកវិធីដើម្បីរក្សាស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ ដែលកិច្ចពិភាក្សានេះធ្វើឡើងនៅក្រសួងការពារជាតិក្រុងសេអ៊ូលតែម្ដង។
បច្ចុប្បន្នអាមេរិកមានទាហាននៅក្នុងប្រទេសកូរ៉េខាងត្បូងនិងជប៉ុនទាំងនោះហើយរដ្ឋមន្ត្រីការពារជាតិអាមេរិកមិនអាចរំលងជប៉ុន និងកូរ៉េខាងត្បូងនោះឡើយ ដោយទាហានអាមេរិកនៅទីនោះក៏រងការគំរាមកំហែងពីការវាយប្រហារដោយបរមាណូពីកូរ៉េខាងជើងផងដែរ។
មន្ដ្រីការពារជាតិអាមេរិកលោក James Mattis បានប្រាប់សមភាគីជប៉ុននៅថ្ងៃ៤ ខែ កុម្ភៈនេះថា សម្ពន្ធភាពអាមេរិកនិងជប៉ុន គឺជាចំណុចស្នូលនៃស្ថិរភាពក្នុងតំបន់ និងថាសម្ពន្ធភាពនេះនឹងបន្តទៅមុខទៀតយ៉ាង រឹងមាំជាទីបំផុត។ សូមជម្រាបជូនថា លោក James Mattis បានទៅដល់ប្រទេសជប៉ុនកាលពីថ្ងៃសុក្រកន្លងទៅសម្រាប់ដំណើរ ទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ដ្រីជប៉ុនកាលពីថ្ងៃសុក្រនោះប្រមុខការពារជាតិអាមេរិកបានគូស បញ្ជាក់ថា អាមេរិកនឹងឈរប្រកៀកស្មាជាមួយជប៉ុនប្រឈមនឹងការគំរាមកំហែងពីប្រទេសដទៃ។
សម្ពន្ធភាពរវាងអាមេរិកនឹងជប៉ុនគឺជាគ្រឹះនៃសន្តិភាព វិបុលភាព និងសេរីភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះគឺជាអ្វីដែលប្រមុខការពារជាតិអាមេរិក លោក James Mattis លើកឡើងប្រាប់សមភាគី ជប៉ុនគឺលោកស្រី Tomomi Inada នៅក្នុង ជំនួបក្នុងទីក្រុងតូក្យូនាថ្ងៃសៅរ៍នោះ។
អាមេរិកនិងជប៉ុនគឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធនឹងគ្នាជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែចុងក្រោយនេះ ជប៉ុនបានសម្ដែងការព្រួយបារម្ភពីទំនាក់ទំនងរវាងប្រទេសទាំងពីរនៅពេលលោក ដូណាល់ ត្រាំ ឡើងកាន់ តំណែងជាប្រធានាធិបតីអាមេរិក។ បារម្ភព្រោះនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតលោក ត្រាំ បានព្រមានដកទ័ពអាមេ រិកចេញពីជប៉ុននិងកូរ៉េខាងត្បូង បើសិនជាប្រទេសទាំងពីរនេះមិនបង់លុយឲ្យអាមេរិក។ អាមេរិកដែលចំណាយលុយប្រមាណ ៥ពាន់លានដុល្លារសម្រាប់កងទ័ពអាមេរិករាប់ម៉ឺននាក់ដែលឈរជើងនៅជប៉ុននិង កូរ៉េខាងត្បូង។
ប៉ុន្តែយ៉ាងណាក៏ដោយតាមរយៈដំណើរ ទស្សនកិច្ចលើកនេះប្រមុខការពារជាតិអា មេរិកបានធានាថា សម្ពន្ធភាពរវាងអាមេ រិកនឹងជប៉ុននឹងបន្តទៅមុខទៀតយ៉ាងរឹងមាំជាទីបំផុត។ បើតាមលោក James Mattis អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងការគំរាមកំហែងណាមួយទៅលើប្រទេស ជប៉ុន និងថាអាមេរិកនឹងឈរប្រកៀកស្មាជាមួយជប៉ុនប្រឈមនឹងការគំរាមកំហែងពីប្រទេសដទៃ។
សូមជម្រាបជូនថា មុនធ្វើដំណើរមក ជប៉ុនលោក James Mattis បានចំណាយពេលពីរថ្ងៃនៅកូរ៉េខាងត្បូង។ នៅទីនោះ រដ្ឋមន្រ្តីការពារជាតិអាមេរិកបាននិយាយធានាការពារសម្ពន្ធមិត្តរបស់ខ្លួននៅចំពោះមុខការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េ ខាងជើង។ លោកថារាល់ការវាយប្រហារទៅលើអាមេរិក និងប្រទេសសម្ពន្ធមិត្ត របស់អាមេរិកនឹងជួបបរាជ័យ ហើយរាល់ការប្រើនុយក្លេអ៊ែរនឹងត្រូវបកមកវិញដោយ ចម្លើយដ៏មានប្រសិទ្ធភាពនិងលើសលប់៕ ម៉ែវ សាធី