ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចគយត្រួតពិនិត្យឃ្លាំងទំនិញគេចពន្ធមួយកន្លែងនៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រធានការរិយាល័យគយ និងរដ្ឋាករច្រកអូរំដួលបានដឹកនាំមន្ត្រីគយចំនួន១០នាក់ បានចុះបង្ក្រាបឃ្លាំងដុះស្លែដែលផ្ទុកទំនិញរត់ពន្ធមួយកន្លែង កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ការចុះបង្ក្រាបនេះ ក្រោយពីទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់មកថា មានឃ្លាំងផ្ទុកទំនិញមួយកន្លែង ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសង្ស័យថា ស្តុកទុកទំនិញគេចពន្ធនៅក្នុងឃ្លាំង។

លោក យ៉ែម ហេម រ៉ាត់ប្រធានគយរដ្ឋករប្រចាំច្រកអូររំដួល បានសហការជាមួយលោក ពុទ សុខា ជំនួយការនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច បានដឹកនាំមន្ត្រីគយចល័តក្រោមឱវាទ អមដោយដីការអនុញ្ញាតអោយឆែកឆេរលេខ ៤៦៩ត.ទ្រ ដោយរួមសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ស្ថាប័នចុះឆែកឆេរឃ្លាំងផ្ទុកទំនិញនោះជាបន្ទាន់។

រហូតដល់ម៉ោង១០និង៣០នាទីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចគ្រប់ស្ថាប័នបានត្រួតពិនិត្យទំនិញ នៅក្នុងឃ្លាំងស្ថិតនៅទីតាំងខាងលើនោះ ដែលជាកម្មសិទ្ធិឈ្មោះ ចាន់ ធូ ភេទស្រី អាយុ៣២ឆ្នាំ ហើយនិងប្ដីជាជនជាតិថៃឈ្មោះ ចាន់ សម្បត្តិ ភេទប្រុស អាយុ៥៥ឆ្នាំ ព្រមទាំងម្ចាស់ទំនិញមានឈ្មោះថា ផេង តុងហេង ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ម៉ោង១២និង៤០នាទីទើបកម្លាំងសមត្ថកិច្ចត្រួតពិនិត្យចប់ ។

ក្រោយពីត្រួតពិនិត្យរួចបានឃើញក្នុងទំនិញទាំងនោះមានដូចជា កាបូបយួរដៃសំរាប់ស្ដ្រីចំនួួន១៩៨៨គីឡូក្រាម និងកាបូបស្ពាយរបស់ស្ត្រីចំនួន២៨៥គីឡូក្រាម ព្រមទាំងខ្សែក្រវាត់មានចំនួន២៤០ខ្សែ ស្មើនិង២៤គីឡូក្រាម មុខទំនិញទាំងនោះសុទ្ទតែគ្មានពន្ធនាំចូលទេ។

ដោយឃើញទំនិញទាំងអស់នោះសុទ្ធតែអត់មានពន្ធដូច្នេះ មន្ត្រីគយបានសម្រេចឃាត់ទំនិញបទល្មើសទាំងអស់នោះរក្សាទុកនៅទីស្នាក់ការគយ និងរដ្ឋករច្រកអូររំដួលដែលស្ថិតនៅភូមិអូរ ឃុំពេជ្រចន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រួចធ្វើកំណត់ហេតុល្មើសច្បាប់គយដើម្បីបញ្ជូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាដើម្បីរង់ចាំសេចក្ដីសម្រេចវិនិច្ឆ័យ ៕ សំ វិច្ឆិកា

image1 image4


ចែករំលែក៖