ព័ត៌មានទាន់ហេតុការណ៍៖

ដីព្រៃមួយចំនួននៅស្រុកវាលវែងមានសេសសល់គ្រាប់មិនទាន់ផ្ទុះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលស្រុក វាលវែង ខេត្តពោធិ៍សាត់ អំពាវនាវដល់ ពលរដ្ឋដែលតាំងទីលំនៅថ្មី ឬត្រួសត្រាយដីព្រៃដើម្បីធ្វើស្រែចម្ការ ត្រូវប្រុងប្រយ័ត្ន ចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងដី ដែលបន្សល់ទុកពីសម័យសង្គ្រាម។ ការ ក្រើនរំឭករបស់មន្ត្រីនគរបាលបន្ទាប់ពីគេ ប្រទះឃើញគ្រាប់ជាច្រើនប្រភេទជាង ១.០០០គ្រាប់ នៅភូមិចម្ការជ្រៃខាងជើង ឃុំអន្លង់រាប ។

ពលរដ្ឋម្នាក់រស់នៅភូមិចម្ការជ្រៃខាងជើង ឃុំអន្លង់រាប លោក ធៀប មាស ឲ្យដឹង នៅថ្ងៃទី៤ ខែកុម្ភៈ ថា រូបលោក និងពលរដ្ឋជាច្រើនទៀតនៅស្រុកវាលវែង ប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះច្រើនជាងការប្រឈមបញ្ហាផ្សេងទៀត ព្រោះអ្នកស្រុកភាគច្រើនចូលព្រៃធ្វើស្រែចម្ការដើម្បី ចិញ្ចឹមជីវិត។ លោកកាន់តែភ័យខ្លាច ចំពោះគ្រាប់មីន ក្រោយពីគេប្រទះឃើញគ្រាប់ជាច្រើននៅភូមិលោក ។

អធិការនគរបាលស្រុកវាលវែង លោក ធាង ឡេង បញ្ជាក់ថា គ្រាប់ដែលបានប្រទះ ឃើញទាំងនោះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយមន្ត្រីជំនាញស៊ីម៉ាក់ (CMAC) កម្ទេចចោលអស់ហើយកាល ពីថ្ងៃទី៣០ ខែមករា។ លោកថា ក្នុង ឆ្នាំ២០១៦ មានករណីផ្ទុះមីន៦ករណី បណ្ដាលឲ្យពលរដ្ឋស្លាប់ និងរបួស ដាច់ដៃជើងជាច្រើននាក់ ជាពិសេសកើត ឡើងនៅឃុំអន្លង់រាប ។

គ្រាប់ដែលអ្នកភូមិចម្ការជ្រៃខាងជើង នៃឃុំអន្លង់រាបប្រទះឃើញនោះមាន៧ ប្រភេទ សរុបចំនួន ១.១៥០គ្រាប់ ដូចជា គ្រាប់ប្រភេទត្បាល់ ១២០មិល្លីម៉ែត្រ និង គ្រាប់ប៉ូតែត ភីជី ៧ (PG7) ជាដើម។

មិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីជំនាញស៊ីម៉ាក់ (CMAC) ប្រធានគ្រប់គ្រងផ្នែកដោះមីនប្រចាំនៅស្រុកសំឡូតខេត្តបាត់ ដំបង និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជុំវិញបញ្ហានេះបានទេ ដោយលោក ប្រាប់ថាកំពុងជាប់ប្រជុំ។ ប៉ុន្តែទាំងអធិការ និងអភិបាលស្រុកវាលវែង អះអាងថា មន្ត្រីដោះមីនស៊ីម៉ាក់ និងហេឡូត្រាស់ (HELLOTRUST) កំពុងប្រតិបត្តិការដោះមីននៅឃុំថ្មដា និងក្បែរព្រំដែនខ្មែរ-ថៃ ក្នុងស្រុកវាលវែង។

អភិបាលស្រុកវាលវែង លោក ហេង សុភាណា អំពាវនាវឲ្យពលរដ្ឋ ជាពិសេសកសិករបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពេលចូលធ្វើស្រែចម្ការ ឬតាំងទីលំនៅលើដីថ្មី ។

ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង គឺជាសមរភូមិក្ដៅចុងក្រោយរបស់ទាហានខ្មែរក្រហម តស៊ូប្រយុទ្ធជាមួយទាហាន របស់រដ្ឋាភិបាលនៅចុងឆ្នាំ១៩៩៨ ៕ សហការី

pursat


ចែករំលែក៖