ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុង “កម្មវិធីតន្រ្តី សប្បុរសធម៌ ក្នុងការបរិច្ចាគឈាម” រៀបចំដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងសុខាភិបាល និង ក្រុមហ៊ុន អិនវីស៊ី ខនភើរេសិន(វីតាល់)។
អញ្ជើញចូលរួមក្នុងពិធីនោះមានលោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង និងអស់ លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ព្រមទាំង លោកវេជ្ជបណ្ឌិត តំណាងអង្គការសុខភាព ពិភពលោក លោកស្រីតំណាងក្រុមហ៊ុន អិន វីស៊ី ខបភើរេសិន(វីតាល់) លោក តំណាងក្រុមហ៊ុន Metfone លោក លោកស្រី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយស ក្រុមសិល្បករ សិល្បការិនី តារាសម្តែង សិស្ស និស្សិតនៃសាលកវិទ្យាល័យភូមិន្ទកសិកម្មយ៉ាងច្រើនកុះករ ។
ក្នុងអង្គពិធីនោះ លោក រដ្ឋមន្រ្តីបាន គូសបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អង្គភាពរដ្ឋ និងឯកជនទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់ និងទទួលខុសត្រូវខ្ពស់ទាំងអស់គ្នាក្នុងការចូលរួមចំណែកបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ដើម្បីយកទៅបំពេញសេចក្តីត្រូវការក្នុងការ សង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យ នានាទូទាំងប្រទេស ។ ដោយទ្បែកនៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្នាក់ដឹកនាំក្រសួងក៏បានខិតខំជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក គ្រប់អង្គ ភាព ជាពិសេសមន្រ្តីវ័យក្មេងដែលមានសុខភាពល្អឲ្យចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាមផងដែរ ។
ក្នុងន័យនេះសាកលវិទ្យាល័យភូមិន្ទ កសិកម្ម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ទទួលបន្ទុកបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យកសិកម្មបានផ្តួចផ្តើមការរៀបចំធ្វើពិធីនេះទ្បើង ជារៀង រាល់ឆ្នាំ ដោយសហការជាមួយដៃគូពាក់ព័ន្ធរួមមាន មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា អង្គការសុខភាពពិភពលោក ក្រុមហ៊ុន អិនវីស៊ី (ទឹកបរិសុទ្ធ វីតាល់) ក្រុមហ៊ុន Metfone និងក្រុមសិល្បករ សិល្បការិនី កម្ពុជា ជាច្រើនរូបដូចដែលមានវត្តមាននៅទីនេះជាសក្ខីភាពស្រាប់ ។
ម្យ៉ាងទៀតដើម្បីជាគំនិតក្នុងការពិចារណា ចំពោះអត្ថន័យនៃការបរិច្ចាគឈាម លោករដ្ឋមន្រ្តីបានផ្តល់ជូនក្មួយៗនិស្សិតទាំងអស់នូវចំណុចមួយចំនួនដូចខាងក្រោម ៖
១-ការបរិច្ចាគឈាម គឺមិនប៉ះពាល់ ដល់សុខភាពទ្បើយ ឈាមអាចកកើត ទ្បើងវិញបាន ហើយការបរិច្ចាគឈាម គឺ ជួយសង្គ្រោះជីវិតមនុស្សជាតិ ពោលគឺ អ្នកអាចជួយសង្គ្រោះជីវិតមនុស្សបាន ដោយ គ្មានបាត់បង់ និងគ្មានគ្រោះថ្នាក់អ្វីទាំងអស់ ,២-ការបរិច្ចាគឈាម គឺជាកាយវិការមនុស្ស ធម៌ដ៏ល្អប្រពៃជាការធ្វើបុណ្យ និងធ្វើទាន ជាអ្នកមានចិត្តសប្បុរស តាមទ្រឹស្តីព្រះពុទ្ធ សាសនាគឺបានបុណ្យច្រើន ជាពិសេសគឺ ធ្វើបុណ្យចំពោះអ្នកជំងឺ ឬ អ្នករងគ្រោះដែលកំពុងដង្ហោយហៅរកជំនួយឈាម ដើម្បី សង្គ្រោះជីវិត , ៣-ការបរិច្ចាគឈាម គឺ បង្ហាញពីភាពមាំទាំ រឹងប៉ឹងភាពក្លាហាន របស់ក្មួយៗយុវនិស្សិតយើង ហើយក៏ជា ការជួយគ្នាទៅវិញទៅមកដែលជាកាតព្វ កិច្ចរបស់មនុស្សជាតិទូទៅ ជាពិសេសជា គោលការណ៍ និងជាការអំពាវនាវរបស់កាកបាទក្រហមកម្ពុជាយើងផងដែរ ,៤- ការបរិច្ចាគឈាមគឺមានអារម្មណ៍រីករាយ សប្បាយ រំភើបដោយសារមួយជីវិតរបស់ខ្លួន អ្នកបានធ្វើបុណ្យដ៏មានតម្លៃជូនដល់សង្គមជាតិ ដែលមិនអាចកាត់ថ្លៃបាន ។ អ្នកគ្មានលុយ សម្រាប់ធ្វើអំណោយតែអ្នកមានឈាម សម្រាប់ធ្វើអំណោយ ដែលមានតម្លៃមួយ គឺកិត្តិយសថ្លៃថ្នូរ និងមិនអាចកាត់ថ្លៃបាន ស្របនឹងកំណាព្យមួយបានពោលថា កាល រស់នៅ ត្រូវធ្វើការ ណានីមួយ ទុកជំនួយ ជួយចំណែក ចែកដល់ជាតិ កុំកើតឡើង ចាកលោកវិញទទេស្អាត ពុំបន្សល់ ទុកអ្វី នោះឡើយ , ៥- គួរចងចាំថា ប្រទេសជាតិ នឹងផ្ញើសេចក្តីសង្ឃឹមទាំងស្រុងទៅលើក្មួយៗ ជំនាន់ក្រោយនេះហើយ។ ក្មួយៗនឹងត្រូវប្រឡូកនៅក្នុងសាលារៀននៃជីវិតជាក់ ស្តែង ដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគតរបស់គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែល ជាការចូលរួមចំណែកក្នុងការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិក្នុងនាមជាពលរដ្ឋពេញលេញម្នាក់ ។
ដូច្នេះក្មួយៗត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតីតស៊ូព្យាយាម អំណត់ អត់ធន់ សកម្មប្រយុទ្ធ នៅក្នុងការងារ និងត្រូវមានគំនិតច្នៃប្រឌិត ៕ ហេង នរិន្ទ្រ