ភ្នំពេញ ៖ យុវជនមកពីស្រុកពារាំង ស្រុក ពោធិ៍រៀង និងស្រុកស៊ីធរកណ្តាល ខេត្ត ព្រៃវែងចំនួនជាង៣០០នាក់ បានមកធ្វើ ទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម និងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងបឹងជើងឯកនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ដើម្បីឈ្វេងយល់ពីដំណើរការ ជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម ដែលបានកើត ឡើងនៅក្នុងរបបខ្មែរក្រហម ។ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត្រ ភក្ត្រា បានស្វាគមន៍ និងបានធ្វើបទបង្ហាញស្តីពីប្រវត្តិនៃការកកើតតុលាការខ្មែរក្រហម និងការវិវឌ្ឍថ្មីៗរបស់តុលាការនេះជូនដល់យុវជនទាំងនេះ ។
លោក នេត្រ ភក្ត្រា បានលើកឡើងថាពីសារសំខាន់នៃការបង្កើតសាលាក្តីខ្មែរ ក្រហមគឺដើម្បីស្វែងរកការពិតនិងយុត្តិធម៌ជូនដល់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងជនរងគ្រោះ ដែលកំពុងរស់រានមានជីវិតនៅឡើយ ក៏ដូចជាផ្តល់យុត្តិធម៌ជូនមនុស្សជាតិទាំងមូល។ ការជំនុំជម្រះក្តីនេះដើម្បីពង្រឹងការចងចាំលើរឿងរ៉ាវលើឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម និងចៀសឱ្យផុតពីអំពើឧក្រិដ្ឋកម្ម និងដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា ។ សាលា ក្តីខ្មែរក្រហមនេះក៏ដើរតួនាទីសំខាន់ក្នុង ការផ្សះផ្សាជាតិផងដែរ ដែលតុលាការនេះមិនជំនុំជម្រះក្តីលើគ្រប់អតីតខ្មែរក្រហមទាំងអស់ឡើយគឺជំនុំជម្រះក្តីតែទៅលើអតីតមេ ដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប្រព្រឹត្តចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ។
បន្ទាប់ពីទទួលបានការថ្លែងពន្យល់របស់មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម និងការ ចោទសំណួរផ្សេងយុវជនខេត្តព្រៃវែងបានថ្លែងថាពួកគាត់បានទទួលនូវចំណេះដឹង និងព័ត៌មានថ្មីៗបន្ថែមទៀតទាក់ទងនឹង ការ ជំនុំជម្រះក្តីខ្មែរក្រហម ជាពិសេសបានដឹងច្បាស់អំពីមូលហេតុមួយចំនួននៃការជម្លៀសប្រជាជនដោយបង្ខំនៅពេលខ្មែរក្រហម ឡើងកាន់អំណាច និងការធ្វើទុក្ខបុកម្នេញ និងអំពើអមនុស្សធម៌ជាច្រើនទៀតដែលក្រុមខ្មែរក្រហមបានធ្វើមកលើប្រជាជន កម្ពុជាអំឡុងពេលនៃការដឹកនាំប្រទេស របស់ខ្លួន ។ យុវជនទាំងនេះបានថ្លែងថាខ្លួនមិនចង់ឱ្យមានរបបខ្មែរក្រហមកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជាទៀតទេព្រោះ មានការលំបាក ហើយប្អូនៗបានលើកឡើង ថា សាលារៀន វត្តអារាម សាសនា ប្រពៃណី ទំនៀមទម្លាប់ត្រូវបានខ្មែរក្រហមបំបាត់ ចោល និងធ្វើឱ្យពលរដ្ឋជាច្រើនលាននាក់ ស្លាប់បាត់បង់ជីវិតដោយសារតែការធ្វើ ទារុណកម្ម អត់អាហារ ធ្វើការងារហួស កម្លាំងគ្មានថ្នាំសង្កូវព្យាបាល ។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមក៏បានចែកជូនសៀវភៅសាលក្រម និងសាល ដីកាលើសំណុំរឿង ០០២/០១ ជូនដល់ តំណាងយុវជនមកពីស្រុកទាំងបីនៃខេត្តព្រៃវែងផងដែរដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ការសិក្សា និងស្រាវជ្រាវលើឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម ។
លោក នេត្រ ភក្ត្រាបានបញ្ជាក់ថា យុវជន មកពីខេត្តព្រៃវែងចំនួន១៥០០នាក់នឹងមកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់នៅសាលាក្តីខ្មែរក្រហមនៅខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ លោកបានគូសបញ្ជាក់ថាការសិក្សាការចង ចាំ និងយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួនគឺមានភាពចាំបាច់ណាស់សម្រាប់ពលរដ្ឋ កម្ពុជាជាពិសេសយុវជនជំនាន់ក្រោយ ៕ សហការី