ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញកំពុងសម្រុកដឹកគ្រឿងឧបភោគបរិភោគចូលពីប្រទេសថៃដោយគ្មានការត្រួតពិនិត្យ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព ខណៈម្ហូប អាហារជាច្រើន ដូចជា បន្លែ ត្រី សាច់មាន់ ជង្គង់មាន់ ស្លាបមាន់ និងសាច់ជ្រូក ដែល ឈ្មួញនាំចូលមកពីប្រទេសថៃ ដោយដឹក តាមម៉ូតូយកទៅលក់នៅតាមទីផ្សារ និង តាមចម្ការនានា ក្នុងខេត្តប៉ៃលិន អត់ឃើញមានខាងពេទ្យសត្វឬមន្ត្រីកាំកុងត្រូលត្រួតពិនិត្យនោះឡើយ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញរកស៊ីដឹកបន្លែ និងសាច់តាមច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ មិនឃើញមានខាង មន្ត្រីជំនាញ ឬពេទ្យសត្វត្រួតពិនិត្យរកសារធាតុគីមីឡើយ ខណៈដែលខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា ត្រូវបានមន្ត្រីកាំកុងត្រូលពិនិត្យរកឃើញសារធាតុគីមីប៉ះពាល់ ដល់សុខភាពជាច្រើន ។

ប្រជាពលរដ្ឋបន្តទៀតថា ចំពោះពលរដ្ឋដែលមានជីវភាពក្រីក្រនៅតាមចម្ការមាន ថវិកាតិចតួចបានទិញត្រីសាច់អន់ៗមាន តម្លៃថោកដែលក្រុមឈ្មួញដឹកពីប្រទេសថៃយកមកលក់ឲ្យពួកគាត់ ហើយម្ហូបអាហារទាំងនោះត្រូវបានគេដាក់ក្លាស្សេទឹកកក ឬក៏ដាក់សារធាតុគីមីផ្សេងៗទៀតក៏មិនដឹង ព្រោះម្ហូបអាហារទាំងនោះត្រូវបានខាងជនជាតិថៃគេរើចោលព្រោះវាបាត់បង់គុណ ភាពតែត្រូវបានក្រុមឈ្មួញខ្មែរយើងចង់ចំណេញក៏យកម្ហូបអាហារទាំងនោះមកលក់ដោយមិនខ្វល់ពីសុខភាពពលរដ្ឋខ្មែរសោះឡើយ ។

លោក ខៀវ សុថុន ប្រធានការិយាល័យពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តប៉ៃលិនបាន ឱ្យដឹងថា ការនាំទំនិញត្រីសាច់នាំពីប្រទេសថៃមកខាងលោកមិនបានត្រួតពិនិត្យនោះទេ ដោយសារតែការនាំចូលតិចតួចប៉ុណ្ណោះ ប្រហែល១គីឡូក្រាមឬ២គីឡូក្រាម ហើយ នៅថ្ងៃខាងមុខលោកនឹងធ្វើការត្រួតពិនិត្យ ។ ប៉ុន្តែដោយសារបច្ចុប្បន្នខាងក្រសួងអត់ទាន់ឱ្យមានច្បាប់ទូលំទូលាយ ហើយខាងលោកក៏ធ្លាប់ឈរអមជាមួយខាងមន្ត្រីកាំកុងត្រូលដែរ តែមិនបានពិនិត្យផ្ទាល់ដៃនោះទេ ។

លោកបញ្ជាក់ថា ចំណែកការនាំចូល មាន់រស់ឬគ្រឿងហូបច្រើននោះខាងលោកមិនដឹងថាមានច្រើនឬយ៉ាងណានោះទេ ។ តែ ទោះបីជាយ៉ាងណាក៏ដោយខាងលោកនឹងយកចិត្តទុកដាក់ចំពោះបញ្ហាមួយនេះ ដើម្បីសុខភាពប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ទាំងមូលផងដែរ ៕ ហេង នរិន្ទ្រ

pailin


ចែករំលែក៖