ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ជំនិត​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ស្នើ​តុលាការ​ស្រូប​ទោស​ត្រឹម​២ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ៖ គ្រូមន្តអាគម និងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ ព្រហ្មមុន្នី ស្នើតុលាការស្រូបទោសមកនៅត្រឹម២ឆ្នាំ ដើម្បីឆាប់បានចេញពីពន្ធនាគារ ដោយមូលហេតុមានជំងឺ ។

អនុរក្សពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជូនទណ្ឌិត ពេជ្រ ព្រហ្មមុន្នី មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះលើបណ្តឹងសុំស្រូបទោស ។

លោក ពេជ្រ ព្រហ្មមុន្នី ត្រូវធ្លាប់បានតុលាការផ្តន្ទាទោសពីរសំណុំរឿងផ្សេងគ្នា ។ សំណុំរឿងទី១ ត្រូវតុលាការផ្តន្ទាទោស៥ឆ្នាំតែអនុវត្តទោសត្រឹមពីរឆ្នាំប៉ុណ្ណោះ ពីបទ ” ជំនួញឥទ្ធិពលអកម្ម ” តាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។

សំណុំរឿងទី២ ត្រូវបានតុលាការផ្តន្ទាទោស១៨ខែ តែអនុវត្តទោសក្នុងពន្ធនាគារតែ១០ខែប៉ុណ្ណោះ ពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ ។

ដោយសារជនជាប់ចោទនិងព្រះរាជអាជ្ញា ពុំបានប្តឹងឧទ្ធរណ៍ សាលក្រមនេះបានចូលជាស្ថាពរ ហើយជនជាប់ចោទ ពេជ្រ ព្រហ្មមុន្នី បានក្លាយជា ទណ្ឌិត ។

ដោយឡែក នាពេលសវនាការ ទណ្ឌិត ពេជ្រ ព្រហ្មមុន្នី ស្នើតុលាការស្រូបទោសមកនៅត្រឹម២ឆ្នាំ ដើម្បីឆាប់បានចេញពីពន្ធនាគារ ដោយមូលហេតុមានជំងឺ ។ ប៉ុន្តែតុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយលោកចៅក្រម គឹម រ័ត្នណារិន បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះវិញ ។ សាធារណជន រង់ចាំមើលថា តើតុលាការនឹងសម្រេចយ៉ាងណាដូចម្ដេចចំពោះករណីនេះ ៕ ចេស្តា

IMG-20170208-WA0047 IMG-20170208-WA0046 IMG-20170208-WA0045


ចែករំលែក៖