ភ្នំពេញ ៖ បុរសម្នាក់ រត់ប្តឹងនគរបាលចោមចៅ ខណៈយកម៉ូតូទៅលាងយ៉ាងស្អាត់ ហើយយកទៅចាក់សោ ក នៅមុខផ្ទះរួចទៅជួយលក់ដូរប្រពន្ធ ស្រាប់តែមកវិញ មិនដឹងចោលួចតាំងពីពេលណា ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ២៦ ផ្លូវលេខ៣០ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ហួន សារុន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ចាបហួយ ស្នាក់នៅភូមិកើតហេតុ ។ ចំណែកម៉ូតូដែលត្រូវចោរលួចម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CY-1907។
ជនរងគ្រោះបានអោយដឹងថា កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃកើតហេតុ គាត់បានយកម៉ូតូ ទៅលាង ពេលវិលត្រឡប់មកផ្ទះវិញ បានចាក់សោ.កម៉ូតូទុកនៅមុខផ្ទះ ហើយជួយលក់ដូរ ប្រពន្ធដូចសព្វមួយដង ដោយមិនដឹងថា មានជនសង្ស័យលួចកាច់កម៉ូតូយកទៅតាំងពីពេលណាមកទេ លុះដល់ម៉ោង៦ និង៣៥នាទីព្រលប់ទើបដឹងថា បាត់ម៉ូតូក៏ផ្អើលឆោឡោតែម្តង ៕ សុខាសែនជ័យ