ក្តីស្រមៃចង់ក្លាយជាប្រទេសមហាអំណាច សេដ្ឋកិច្ចលើពិភពលោករបស់ចិនពិបាក ក្លាយជាការពិតនៅពេលខាងមុខ ខណៈដែល អាមេរិកមានមេដឹកនាំដែលមានទស្សនៈប្រឆាំងចិន ពិសេសគឺវិស័យសេដ្ឋកិច្ច និង រឹតបន្តឹងការនាំចូលទៅកាន់អាមេរិក។ ចំណែកចិនវិញវិស័យសេដ្ឋកិច្ចពឹងផ្អែកទៅលើការនាំចេញទំនិញជាសំខាន់។ ចំណុចទាំងនោះហើយដែលជាការរាំងស្ទះដំណើរឆ្ពោះទៅរកមហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោករបស់ចិន។
រយៈពេលចុងក្រោយនេះសេដ្ឋកិច្ចរបស់ ចិនធ្លាក់ចុះធ្វើឲ្យក្តីស្រមៃចង់ក្លាយជាប្រទេស មហាអំណាចសេដ្ឋកិច្ចលើពិភពលោកនឹងត្រូវបាត់បង់បន្តិចម្តងៗ។ មើលពីកម្លាំង សេដ្ឋកិច្ចចិននៅតែជាប្រទេសមួយកំពុង អភិវឌ្ឍន៍ប៉ុណ្ណោះ តែប្រសិនបើមានមោទន ភាពខ្លាំងពេកអាចនឹងត្រូវរុញថយក្រោយ វិញជាក់ជាមិនខានក្នុងប៉ុន្មានឆ្នាំខាងមុខ។
កាលពីពេលកន្លងទៅថ្មីៗនេះអគ្គនា យករងធនាគារជាតិចិនបានប្រកាសថា ចិនបានឆ្លងផុតជប៉ុន ហើយក្លាយទៅជា ប្រទេសសេដ្ឋកិច្ចធំទី២នៅលើពិភពលោក។ ការស្រាវជ្រាវមួយនៅក្នុងប្រទេសអង់គ្លេស ក៏បានបង្ហាញឱ្យឃើញថា ជាមួយនឹងកំណើន សេដ្ឋកិច្ចដ៏ខ្ពស់នាពេលបច្ចុប្បន្នរបស់ចិន រយៈពេល៩-១០ឆ្នាំទៀត ចិននឹងឆ្លងផុត អាមេរិក ហើយក្លាយទៅជាប្រទេសសេដ្ឋ កិច្ចលំដាប់ទី១នៅលើពិភពលោក។
ប៉ុន្តែការវាយតម្លៃសន្និដ្ឋានខាងលើបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅលើ ពិភពលោក។ មានមតិជាច្រើនបានបញ្ជាក់ ថា តួលេខប្រាក់ចំណូលមធ្យមភាគ (GDP) របស់ចិនមិនមានដែនកំណត់ច្បាស់លាស់ទេ ក្នុងពេលដែលមតិមួយចំនួនទៀតក៏បាន បញ្ជាក់ដែរថា សេដ្ឋកិច្ចចិនអាចឈានមុខ នៅលើពិភពលោកគឺអាស្រ័យទៅលើ ពេលវេលាតែប៉ុណ្ណោះ។
តាមអ្នកឯកទេសមកពីប្រទេសចិន បានបង្ហាញឱ្យឃើញថា ប្រសិនបើត្រួត ពិនិត្យទៅលើល្បឿននៃកំណើនសេដ្ឋកិច្ច របស់ចិនរយៈពេល៣០ឆ្នាំមកនេះជាមួយនឹងការប្រែប្រួលនៃរូបិយវត្ថុចិនគេអាច កំណត់បានថា សេដ្ឋកិច្ចចិនអាចនឹងឈានដល់កម្រិតមួយដ៏ខ្ពស់។ មនុស្សជាច្រើន ចាត់ទុកថា តួលេខដែលបានប្រកាសនៅ តាមបណ្តាខេត្ត-ក្រុងមួយចំនួននៅប្រទេស ចិនមិនទាន់ច្បាស់លាស់។ តាមការពិត គ្មានរឿងដែលមន្ត្រីនៅតាមខេត្ត-ក្រុង របស់ចិនប្រកាសលើសពីតួលេខពិតនោះ ទេ មានតែប្រកាសទាបជាងអ្វីដែលទទួល បានដើម្បីកុំឱ្យបង់ពន្ធច្រើនទៅដល់រដ្ឋ។
ឧទាហរណ៍ខេត្តឆ្នេរសមុទ្រក្វាងទុង មាន GDP ខ្ពស់ជាង GDP ខេត្តដទៃរាប់ សិបខេត្តបូកបញ្ចូលគ្នា។ គ្រាន់តែខេត្តក្វាង ទុងប្រកាស GDP ទាបជាងបន្តិច ហើយ ខេត្តដទៃទៀតប្រកាសលើសជាងបន្តិចក៏មិនប៉ះពាល់អ្វីធ្ងន់ដល់តួលេខពិតរបស់ GDP ទូទាំងប្រទេសដែរ។
បញ្ហានៅត្រង់ GDP របស់ចិនខ្ពស់ ប៉ុន្តែ GDP មធ្យមភាគរបស់មនុស្សម្នាក់ៗគឺ ទាបជាងឆ្ងាយ បើប្រៀបធៀបជាមួយនឹង បណ្តាប្រទេសនៅសហគមន៍អឺរ៉ុបនិងអាមេ រិក។ បច្ចុប្បន្ន GDP មធ្យមភាគក្នុងមនុស្សម្នាក់ៗរបស់ចិនមានតែ៣.៨០០ដុល្លារ ក្នុងមនុស្សម្នាក់។ បើប្រៀបធៀបទៅនឹង មធ្យមភាគមនុស្សម្នាក់ៗនៅក្នុងប្រទេស អភិវឌ្ឍន៍មិនស្មើនឹងមួយភាគដប់ផងនៃ មធ្យមភាគប្រាក់ ចំណូលរបស់ប្រជាជន ជប៉ុន និងអាមេរិក។ មួយផ្នែកទៀតប្រសិន បើយើងពិនិត្យទៅលើគុណភាពនៃកំណើន GDP ចិនមិនអាចប្រៀបផ្ទឹមបានជាមួយ ប្រទេសអភិវឌ្ឍន៍នោះទេ។ ដោយសារតាំង ពីឆ្នាំ២០០៣មកទល់ពេលនេះកំណើន សេដ្ឋកិច្ចចិនអាស្រ័យទៅលើការនាំចេញផលិតផល និងទីផ្សារអចលនទ្រព្យតែ ប៉ុណ្ណោះ។ កំណើននៃការនាំចេញបានជំរុញ ឱ្យសេដ្ឋកិច្ចចិនឈានទៅរកទីផ្សារអន្តរ ជាតិ។ អាស្រ័យហេតុនេះចិនបានទទួល នូវផលប្រយោជន៍យ៉ាងច្រើនពីកំណើនសេដ្ឋកិច្ចនៅលើពិភពលោកនោះ។ ប៉ុន្តែ ទីផ្សារអចលនទ្រព្យកើនឡើងខ្ពស់បង្កឱ្យមានផលអាក្រក់ជាច្រើនដូចជាការវិនិយោគ អចលនទ្រព្យធ្លាក់ចុះ តម្លៃដីកើនឡើងខ្ពស់។ នេះគឺជាចំណុចផ្ទុយនៃកំណើនសេដ្ឋកិច្ច របស់ចិន ហើយក៏ប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍនៅក្នុងប្រទេសនេះ។ ក្រៅពីនេះសេដ្ឋកិច្ចចិននៅមិនទាន់មានតុល្យ ភាពនៅឡើយ។
ទី១-ការខុសគ្នាស្រឡះរវាងសេដ្ឋកិច្ចនៅតាមទីក្រុងនឹងនៅតាមទីជនបទ។ ការកែប្រែប្រព័ន្ធសេដ្ឋកិច្ចរបស់ចិនក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះបានជួយឱ្យចិនទទួលបាននូវផលប្រយោជន៍យ៉ាងធំធេងក៏ដូចជាកាត់បន្ថយគម្លាតរវាងអ្នកក្រុងនឹងអ្នក ជនបទ។ ទី២-គឺបាត់បង់តុល្យភាពពីការ អភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់។ ល្បឿននៃ កំណើនសេដ្ឋកិច្ចនៅតាមបណ្តាខេត្ត-ក្រុង ឆ្នេរសមុទ្រ គឺតាមទាន់ប្រទេសអភិវឌ្ឍន៍ ចំណែកខេត្តមួយចំនួនទៀតស្ថិតក្នុងភាពក្រីក្រនៅឡើយ។ ទី៣-ប្រាក់ចំណូលមធ្យម ក្នុងទីប្រជុំជនមិនមានភាពស្មើគ្នា។ តាម ខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចទ្រព្យសម្បត្តិបានធ្លាក់មកលើដៃបុគ្គលបង្កឱ្យមានអតុល្យ ភាពលើប្រាក់ចំណូលនៅក្នុងសង្គម។ បើ ពិនិត្យទៅលើកម្លាំងសេដ្ឋកិច្ចចិនគឺនៅតែជាប្រទេសមួយកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ។ ប្រសិនបើមានមោទនភាពខ្លាំងពេក ហើយ មិនបន្តខិតខំឱ្យការអភិវឌ្ឍនោះកាន់តែមាន ភាពប្រសើរឡើងនឹងអាចប្រឈមមុខនូវ វិបត្តិសេដ្ឋកិច្ចសាជាថ្មីម្តងទៀត។ ពេល នោះចិននឹងត្រូវរុញច្រានថយក្រោយរាប់សិបឆ្នាំទើបអាចងើបឡើងមកវិញ។
ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ចិន បច្ចុប្បន្នកើនឡើងពី៨-១០ភាគរយគឺជា កំណើនដ៏ខ្ពស់បំផុតក្នុងដំណាក់កាលនៃ វិបត្តិសេដ្ឋកិច្ចពិភពលោក។ ជាមួយនឹង កំណើនសេដ្ឋកិច្ចទាំងនោះធ្វើឱ្យចិនមានមោទនភាពយ៉ាងខ្លាំងក្នុងការប្រកួតប្រជែង តំណែងប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក។ ចំណែកជប៉ុនវិញ សេដ្ឋកិច្ចនៅមិនទាន់ងើបឈរឡើងវិញ គ្រប់គ្រាន់នៅឡើយក្រោយពេលវិបត្តិសេដ្ឋ កិច្ចបានញាំញីយ៉ាងខ្លាំង។ ប៉ុន្តែមកទល់ពេលនេះជប៉ុនក៏មានកំណើនសេដ្ឋកិច្ច ៤,៩ភាគរយផងដែរ។
ទោះបីពេលនេះចិនលេចធ្លោជាងគេ អំពីវិស័យសេដ្ឋកិច្ច តែមិនទាន់ប្រាកដថា អាចក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋ កិច្ចនៅលើពិភពលោកទេ។ អ្នកវិភាគជា ច្រើនយល់ឃើញថា បើចិនចង់តាមទាន់ អាមេរិកត្រូវចំណាយពេលពី២០ទៅ៣០ឆ្នាំទៀត ហើយមានកំណើនសេដ្ឋកិច្ចដូចពេលបច្ចុប្បន្នឬក៏ខ្ពស់ជាងក៏មិនទាន់ប្រាកដ ថាឆ្លងផុតអាមេរិកឈានទៅលំដាប់ទី១ដែរ។ បើយើងប្រៀបធៀបជាមួយចំណូល មធ្យមភាគរបស់ប្រជាជនក្នុងប្រទេសចិន និងអាមេរិកគឺខុសគ្នាដាច់ស្រឡះហើយ ចំណូលនោះក៏ជាការបង្ហាញអំពីកម្លាំង សេដ្ឋកិច្ចរបស់ប្រទេសនោះផងដែរ។ សេដ្ឋ កិច្ចរដ្ឋកើនឡើងខ្ពស់ តែសេដ្ឋកិច្ចប្រជា ជនធ្លាក់ចុះក៏មិនអាចក្លាយទៅជាប្រទេសអភិវឌ្ឍន៍ឡើយ។
អ្នកវិភាគជាច្រើនយល់ឃើញថាប្រសិន បើចិនមានមោទនភាពខ្លាំងពេកចំពោះ កំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយបើមិន ខិតខំអភិវឌ្ឍបន្ថែមទេ ចិនប្រាកដជាធ្លាក់ចុះវិញជាក់ជាមិនខាន ខណៈដែលអាមេរិក ក៏ដូចជាជប៉ុនកំពុងតែមានសេដ្ឋកិច្ចងើបឡើងវិញក្រោយពីប្រឈមមុខទៅនឹងវិបត្តិយ៉ាងធ្ងន់កន្លងមក៕ ម៉ែវ សាធី