ភ្នំពេញ ៖ វេទិកាស្តីពីការវិវឌ្ឍនីតិវិធីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងសំណងក្នុងសំណុំរឿង ០០២/០២ ត្រូវបានរៀបចំឡើងដោយអង្គភាពគាំពារជន រងគ្រោះនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីរួមខេត្តកំពង់ចាមដោយមានការចូលរួមពីមន្ត្រីសាលាក្តី និងដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង ០០២ សរុបជាង១៥០រូប ។ ក្រុមមន្ត្រី ជំនាញមកពីសាលាក្តីខ្មែរក្រហម និង អង្គការដៃគូជាច្រើនបានធ្វើបទបង្ហាញផ្សេងៗដើម្បីផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹងការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ក៏ដូចជាការបង្ហាញពីគម្រោងសំណងដែលគ្រោងនឹងស្នើសុំ សម្រាប់សំណុំរឿង ០០២/០២ ។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថាវេទិកានេះពិតជាមានសារសំខាន់សម្រាប់ជនរង គ្រោះក្នុងរបបខ្មែរក្រហមជាដើមបណ្តឹងរដ្ឋប្បវេណីដើម្បីជួបជាមួយមន្ត្រីសាលាក្តីទទួលបាននូវព័ត៌មានថ្មីៗនៃការជំនុំជម្រះក្តី និងជួបជាមួយមេធាវីការពារក្តីរបស់ពួកគាត់ដើម្បីពិនិត្យលើការវិវឌ្ឍនៃសំណុំរឿង ក៏ដូចជាលើកឡើងពីគម្រោងសំណងដែលដើមបណ្តឹងគ្រោងស្នើសុំសម្រាប់សំណុំរឿង ០០២/០២ ។ គម្រោងសំណងសំណុំរឿង ០០២/០២ ដែលលោក នេត្រ ភក្ត្រា បានឱ្យដឹងថាមានចំនួន២៣ គម្រោង ផ្តោតលើការចងចាំ និងការអប់រំការស្តារ នីតិសម្បទា និងការរំឭកវិញ្ញាណក្ខន្ធជន រងគ្រោះ ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា គម្រោងសំណងទាំងនេះនឹងត្រូវដាក់ជូន អង្គជំនុំជម្រះសាលាដំបូងពិនិត្យនិងសម្រេចថាតើគម្រោងណាមួយដែលសមស្រប សម្រេចផ្តល់ជូនក្នុងករណី ប្រសិនបើអង្គ ជំនុំរកឃើញថាជនជាប់ចោទ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២។ លោកបញ្ជាក់ថា គម្រោង សំណងទាំងនេះនឹងត្រូវចំណាយថវិកា ប្រមាណជាង៦លានដុល្លារអាមេរិក ហើយបច្ចុប្បន្នអង្គភាពគាំពារជនរងគ្រោះ និង សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីរួមនឹងអង្គការដៃគូបាននិងកំពុងកៀងគរ ជំនួយហិរញ្ញវត្ថុដើម្បីអាចអនុវត្ត គម្រោងទាំងនេះបាន ។
លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា នៅក្នុងវិធានផ្ទៃក្នុងនៃសាលាក្តីខ្មែរក្រហម គម្រោងសំណងទាំងឡាយដែលអង្គជំនុំ ជម្រះអាចសម្រេចប្រគល់ជូនបានទាល់តែ គម្រោងសំណងទាំងនោះអាចអនុវត្តបាន និងមានលទ្ធភាពអនុវត្តបាន ។ លោក នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ថា សំណងដែលសាលាក្តីខ្មែរក្រហមផ្តល់ជូនជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីមានពីរ ប្រភេទគឺសំណងផ្លូវចិត្ត និងសំណងសមូ ហភាព ។ សាលាក្តីខ្មែរក្រហមមិនផ្តល់ សំណងបុគ្គលឡើយ ៕ សហការី