ភ្នំពេញ៖ តារាសម្តែងប្រុស ស្រីល្បីឈ្មោះជាច្រើនរូប បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីក្រុងពាលីចេញថតខ្សែភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥គឺរឿង មេឃុំក្រមុំ កាលពី ព្រឹកថ្ងៃទី១០ កុម្ភៈ។
តារាសម្តែងប្រមាណជាង៨០នាក់នឹងត្រូវប្រមូលផ្តុំគ្នាសម្តែងក្នុងរឿងនេះដែលតួអង្គសំខាន់៤គូធំៗ ក៏នឹងធ្វើឲ្យរឿងនេះ កាន់តែចាប់អារម្មណ៍ពីទស្សនិកជន។
លោក មុំ ស៊ីថាវង្ស ផលិតកររឿង បានបញ្ជាក់ថា ជាខ្សែភាពយន្តស្នេហា បែបកំប្លែងស្រុកស្រែនិងបង្កប់ដោយទស្សនៈអប់រំច្រើន។ លោកថា “មេឃុំក្រមុំ”គឺជារឿងដែលក្រុមការងាររបស់លោកនិពន្ធទាំងស្រុង ដោយមិនមានចម្លងសាច់រឿងពីភាពយន្តថៃ ឬ ពីភាពយន្ដបរទេសណាមួយនោះទេដែលដំណើររឿងនេះ មានលក្ខណ: ថ្មីដាច់ស្រលះពីរឿងបរទេសគឺនិពន្ធដោយអ្នកស្រី ប៉ាល វណ្ណារីរ័ក្ស ។
លោកថា រឿងនេះមានតារា សម្តែងច្រើនរហូតដល់ជាង៨០នាក់ គឺជាចំនួនមួយច្រើនគួរសម ហើយនឹងត្រូវផលិតប្រមាណ២៧ភាគ និងចំណាយពេល ផលិតប្រមាណជិត២ខែ។ បើទោះជាយ៉ាងណាលោកនៅមិនទាន់ដឹងកាលបរិច្ឆេទលម្អិតដែលរឿងនេះនឹងត្រូវចាក់បញ្ចាំងពេលណាដែរ។
លោក ឡុង វីរៈយុទ្ធ ហៅនាយភូ ដែលបាត់មុខពីការសម្តែងអស់ជាងកន្លះឆ្នាំមកហើយនោះបានបញ្ជាក់ថា លោករីករាយដែល វិលមកកាន់ការសម្តែងជាថ្មី ហើយរឿងនេះគឺជារឿងដំបូងដែលលោកបានសម្តែងក្នុងដើមឆ្នាំ២០១៧នេះ។
លោកថា ក្នុងរឿងនេះ នឹងក្លាយជារឿងដែលមានរសជាតិថ្មីសម្រាប់ទស្សនិកជនដែលនិយមទស្សនាខ្សែភាពយន្តភាគខ្មែរព្រោះតែសាចរឿង ទិដ្ឋាភាពទេសភាព ប្លង់ថត ត្រូវបានសម្រិត សម្រាំងដោយក្រុមផលិតករដែលមានបទពិសោធន៍ខ្ពស់។ លោករំពឹងដែរថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងជាផ្លូវការ។
តួរអង្គសំខាន់ៗក្នុងខ្សែភាពយន្តនេះមានដូចជាលោក ឡុង វីរៈយុទ្ធ ហៅនាយ ភូ កញ្ញា ឡូរ៉ា លោក ស្រឿន វីតា កញ្ញា អាង សូនីតា កញ្ញា ឡាយ សម្ផស្ស កញ្ញា លីនី នាយតឹង និងតារាសម្តែងជាច្រើនរូបទៀត៕ វឌ្ឍនា