ភ្នំពេញ៖ យុវជន២នាក់ ត្រូវក្រុមចោរមួយក្រុមបានធ្វើសកម្មភាព យកដុំថ្មគប់ប្លន់យកម៉ូតូទៅបាត់ ដោយសុវត្ថិភាពបណ្តាលឲ្យជនរងគ្រោះ រងបួសធ្ងន់ទៀតផង ហើយក្រុមចោេរត់គេចខ្លួនបាត់។
ករណីគប់ថ្មប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខក្លោងទ្វារចូលភូមិគោកឃ្លៀង ផ្លូវលេខ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ ឈ្មោះ ទិន រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកឡានស្ទូច ស្នាក់នៅម្ដុំជិតអធិការដ្ឋានខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិ ព្រៃស្វាយ ឃុំពន្សាំង ស្រុកអង្គស្នួល ខេត្តកណ្ដាល បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់ និងក្មួយរបស់គាត់ ទើបតែមកពីដាក់រថយន្តស្ទូចរបស់គាត់ ទៅដាក់ឲ្យជួសជុលនៅការ៉ាស នៅម្ដុំរង្វង់មូលចោមចៅ ហើយក្រោយមករូបគាត់បានជិះម៉ូតូរបស់ខ្លួនបម្រុងត្រឡប់ទៅផ្ទះថៅកែរថយន្តស្ទូចនៅម្ដុំជិតអធិការដ្ឋានខណ្ឌសែនសុខនោះ តាមផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចផ្លូវរទេះភ្លើង ស្រាប់តែម៉ូតូរបស់គាត់បែកកង់ក្រោយ ។
ប្រភពបន្តថា ក្រោយមកគាត់បាននាំគ្នាចុះបណ្ដើរម៉ូតូដើម្បីរកជាងប៉ះកង់ រហូតដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុម មានគ្នាបួននាក់ ជិះម៉ូតូ២គ្រឿង ម៉ាកនិច ពណ៌ខៀវ មួយគ្រឿង និងម៉ាកសង់បុិច ពណ៌ខ្មៅ មិនចាំស្លាកលេខ១គ្រឿង បានកាន់ដុំថ្ម និងកាំបិតបុ័ងតោ ដេញគប់ និងដេញកាប់ពួកគាត់(ជនរងគ្រោះ) បណ្ដាលអោយម្ចាស់ម៉ូតូរងរបួសរយះមុខខាងស្ដាំ និងហើមថ្ពាល់ផងដែរ។
ប្រភពបន្តថា នៅពេលនោះ គាត់បានដួលទៅនឹងដី និងរីឯក្មួយគាត់ដែលជាអ្នកជិះពីក្រោយត្រូវក្រុមជនសង្ស័យដេញកាប់រត់ចោលម៉ូតូ ទើបធ្វើឲ្យជនសង្ស័យម្នាក់ ក្នុងចំណោមបួននាក់ លើកឡើងជិះទាំងកង់បែកចេញទៅដោយសុវត្ថិភាព ។
ប្រភពបន្តថា ម៉ូតូដែលត្រូវបានគេប្លន់យកទៅនោះ គឺម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CY 4318 ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានព្យាយាមទាក់ទង ទៅខាងសមត្ថកិច្ចអស់រយៈពេលជិតមួយម៉ោង តែមិនមានសមត្ថកិច្ចរូបណាមកដល់កន្លែងកើតហេតុនោះទេ ទើបធ្វើអោយជនរងគ្រោះហួសចិត្ត ណាមួយម៉ូតូត្រូវគេប្លន់យកទៅបាត់ទៀត ក៏អស់សង្ឃឹម ហើយបានត្រឹមតែជិះម៉ូតូឌុបត្រឡប់ទៅផ្ទះថៅកែតែប៉ុណ្ណោះ ហើយដើម្បីរង់ចាំព្រឹកថ្ងៃទី១១ ខែកុម្ភៈ ទើបមកដាក់ពាក្យបណ្ដឹងសារជាថ្មី ៕ តុង សីហា