ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កជាផ្សែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ កាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១១ ផ្លូវ១៨ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សម្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះជាជនជាតិចិនហើយផ្ទះ ដែលឆាបឆេះនោះជួលសម្រាប់ទុកម៉ាសីុនកាត់ដេរ និងបិទទ្វារចោលម្ចាស់ចេញទៅធ្វើការបាត់។
តាមសន្តិសុខបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីក្នុងផ្ទះដោយទ្វារជាប់សោខាងក្រៅ ភ្លាមនោះទើបក្រុមសន្តិសុខ និងប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នា យកកន្ត្រៃមកកាត់សោ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ភ្លាមៗ ។
សមត្ថកិច្ចបានបញ្ជាក់ ក្នុងគ្រោះអគ្គីភ័យខាងលើនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿង ខណៈរថយន្ត៥គ្រឿងទៀតមិនបានបាញ់ ហើយអគ្គីភ័យ ក៏បានរលត់ទៅវិញ និងរកការខូចខាតសម្ភារមួយចំនួនដូចជាម៉ាសីុនកាត់ដេរជាដើម។
មូលហេតុនៃការឆាបឆេះនោះសមត្ថកិច្ចបានបញ្ញាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕ សុខាសែនជ័យ