ខេត្តកណ្តាលៈ បុរសជាប្តីចុងម្នាក់បាន ធ្វើសកម្មភាពវាយបុរសជាអតីតប្តីដើមដោយដែកបំពងទីប បណ្តាលឲ្យរងរបួសបែកក្បាលឈាមហូរស្រោចខ្លួន នៅតែមិនអស់ចិត្តក៏បន្តវាយបំផ្លិចបំផ្លាញម៉ូតូជនរងគ្រោះបន្ថែមទៀត ទើបមានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចុះទៅអន្តរាគមន៍ចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។
ករណីនេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧ និង៤០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ លើចិញ្ចើមផ្លូវលេខ១០៣ ត្រង់ចំណុចមាត់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានចាប់ខ្លួននោះឈ្មោះ កឹម សុខត្រា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះជាអតីតប្តីដើមឈ្មោះ ជឿន វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅភូមិបុកក្លឿ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានជនដៃដល់វាយដោយបំពងទីបមូល បណ្តាលឲ្យរងរបួសបែកក្បាល និងខូចខាតម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខរាជការ1801 ។
ប្រភពដដែលបានបន្តថា អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយដែលជនរងគ្រោះរូបនេះធ្វើការលែងលះគ្នាជាមួយស្ត្រីជាប្រពន្ធឈ្មោះ តេង សុខជូ អាយុ៣២ឆ្នាំ ដោយប្រគល់កូនស្រីម្នាក់ឲ្យទៅជនរងគ្រោះចិញ្ចឹមបីបាច់ ។ បន្ទាប់ពីលែងលះគ្នាមិនបានប៉ុន្មានខែអតីតស្ត្រីជាប្រពន្ធជនរងគ្រោះ បានស្រលាញ់គ្នាជាមួយជនសង្ស័យ ការស្រលាញ់គ្នារវាងស្ត្រីជាអតីតប្រពន្ធជនរងគ្រោះជាមួយជនសង្ស័យមិនបានរៀបការ ឬចុះសំបុត្រអាពាហ៏ពិពាហ៏នោះទេ ។ លុះមកដល់យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កូនស្រីនឹកស្រ្តីជាម្តាយពេក ទើបជនរងគ្រោះសម្រេចចិត្តដឹកកូនឲ្យមកជួបស្ត្រីជាអតីតប្រពន្ធនៅកន្លែងលក់ដូរឯមាត់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ។
ប្រភពដដែលបានបន្តទៀតថា ពេលដឹកកូនស្រីមកដល់ក៏បានជួបជាមួយនឹងជនសង្ស័យដែលជាប្តីចុងរបស់អតីតស្ត្រីជាប្រពន្ធ រហូតឈានដល់ឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ.ករវាងជនរងគ្រោះ និងជនសង្ស័យ ។
ជម្លោះពាក្យសំដីគ្នានេះមិនថមថយនោះទេ គឺកាន់តែខ្លាំងឡើងៗ រហូតធ្វើឲ្យជនសង្ស័យស្ទុះទាញយកដែកបំពងទីបមូលប៉ុន.កដៃក្មេងវាយសំពងទៅលើជនរងគ្រោះត្រូវចំក្បាលបែកហូរឈាមស្រោចខ្លួន បន្ទាប់ពីវាយជនរងគ្រោះឲ្យរងរបួសជនសង្ស័យនៅតែមិនអស់ចិត្តបានយកដែកបំពងទីប វាយបំផ្លិចបំផ្លាញម៉ូតូជនរងគ្រោះថែមទៀត ទើបមានសមត្ថកិច្ចចុះទៅអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ