ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានបញ្ជា ឲ្យក្រុមការងារ មន្ទីរសាធារណការ និងក្រុម បច្ចេកទេស ពន្លឿនការជួសជុល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីមុខឃ្លាំងសាំងសូគីមុិច រហូត ដល់ស្ពាន លីយ៉ុងផាត់ និងបណ្ដាផ្លូវផ្សេងៗ ជាច្រើនទៀតនៅបណ្ដាខណ្ឌទាំង១២ ឲ្យរួចរាល់មុនចូលឆ្នាំខ្មែរខាងមុខនេះ។ លោកបានបញ្ជាបែបនេះ ខណៈលោក និងមន្ដ្រី ជំនាញពាក់ព័ន្ធ ក្រោមឱវាទ បានចុះពិនិត្យ ស្ថានភាពផ្លូវ និងទីលានប្រជាធិបតេយ្យថ្មី ដែលកំពុងស្ថាបនា កាលពី រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
សម្រាប់ដំណើរការជួសជុលផ្លូវជាតិលេខ៥ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យប្រជាពលរដ្ឋទាំង អស់ ដែលរស់នៅតាមដងផ្លូវ និងអ្នកដំណើរទាំងអស់ ត្រូវ ចូលរួមសហការជាមួយក្រុមការងារជួសជុល ដើម្បីឲ្យបានឆាប់រួចរាល់ នាពេលខាងមុខដ៏ខ្លីនេះ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ ក្រៅពីពន្លឿន ការស្ថាបនាផ្លូវ គោក លោកក៏បានគិតគូររួចហើយដែរ រឿងផ្លូវទឹក និងអាចផ្តល់សារសំខាន់ ច្រើនដល់ការរំដោះបញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បានមួយផ្នែកធំ។ គម្រោងសេវាដឹកជញ្ជូនអ្នកដំណើរផ្លូវទឹក (Water taxi service) នេះ នឹងមានខ្សែរត់ពីស្ពានព្រែកព្នៅ រហូតដល់ក្រុងតាខ្មៅ ដែលមានចំណតចំនួន០៩កន្លែង និងដំណើរការចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨យប់។ យើងមានកប៉ាល់ដឹកជញ្ជូនអ្នកដំណើរល្បឿនលឿនទំនើប អាចផ្ទុកអ្នកដំណើរបាន៩០នាក់ ក្នុង ០១កប៉ាល់ ដែលក្នុងគម្រោងនេះ នឹងប្រើប្រាស់កប៉ាល់ចំនួន ២០កប៉ាល់ ។
ជាមួយគ្នានេះដែរ លោក អភិបាលរាជធានីភ្នំពេញ ក៏ បានសម្តែងនូវក្តី សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងសប្បាយរីករាយ និងចូលរួមជា មួយ គម្រោងសាកល្បង នេះ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានផ្នែកធំផងដែរ ៕ សំរិត